អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចសំខាន់ៗ បានប្រកាសបង្កើតសម្ព័ន្ធការពារដែនអាកាសប្រឆាំងមីស៊ីលបាលីស្ទិកដោយមានគោលបំណងរួមគ្នាអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលថ្មី ដែលមានតម្លៃទាបជាង និងអាចក្លាយជាជម្រើសជំនួសប្រព័ន្ធ Patriotរបស់សហរដ្ឋអាមេរិក។កិច្ចប្រជុំកំពូលដែលធ្វើឡើងនៅទីក្រុងប៉ារីស មានការចូលរួមពីប្រទេសចំនួន១០ រួមមាន ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ន័រវែស អេស្ប៉ាញ ស៊ុយអែត អ៊ុយក្រែន និងចក្រភពអង់គ្លេស ព្រមទាំងក្រុមហ៊ុនឧស្សាហកម្មការពារជាតិប្រមាណ១២។ មេដឹកនាំទាំងនោះបានថ្លែងក្នុងសេចក្តីប្រកាសរួមថា ការការពារអឺរ៉ុបត្រូវការប្រព័ន្ធការពារមីស៊ីលរួមបញ្ចូលគ្នា ដើម្បីទប់ស្កាត់ និងកម្ចាត់ការគំរាមកំហែងពីមីស៊ីលនាពេលអនាគត។ ប្រព័ន្ធថ្មីនេះនឹងបំពេញបន្ថែមលើប្រព័ន្ធការពារមីស៊ីលដែលបណ្តាប្រទេសអឺរ៉ុបកំពុងប្រើប្រាស់ ឬគ្រោងទិញរួចហើយ។
អ៊ុយក្រែនខ្វះគ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស

Russian missile strike in Kyiv

ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា អ៊ុយក្រែនកំពុងខ្វះខាតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសយ៉ាងធ្ងន់ធ្ងរ ហើយក្នុងរយៈពេលមួយខែកន្លងមក មិនអាចស្ទាក់បាញ់មីស៊ីលបាលីស្ទិករបស់រុស្ស៊ីបានមានប្រសិទ្ធភាពទេ ដោយសារមីស៊ីលប្រភេទនេះហោះហើរលឿនជាងល្បឿនសំឡេងច្រើនដង។  ជាមួយគ្នានេះ រុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីល និងដ្រូនទៅលើទីក្រុងកៀវ និងតំបន់ជុំវិញ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន។ ខណៈទីក្រុងម៉ូស្គូអះអាងថា ខ្លួនវាយប្រហារតែលើគោលដៅយោធាប៉ុណ្ណោះ និងបដិសេធការកំណត់គោលដៅលើជនស៊ីវិល។
គម្រោង Freyja ជាប្រព័ន្ធថ្មីរបស់អឺរ៉ុប
កិច្ចសហប្រតិបត្តិការថ្មីនេះនឹងផ្តោតលើគម្រោង Freyjaដែលជាគម្រោងរបស់អ៊ុយក្រែន ក្នុងការបង្កើតប្រព័ន្ធការពារមីស៊ីលបាលីស្ទិក ដែលទទួលបានការគាំទ្រពីអឺរ៉ុប និងមានតម្លៃសមរម្យជាងប្រព័ន្ធ Patriot។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថា ការមានសមត្ថភាពកាន់តែច្រើនក្នុងការបាញ់ទម្លាក់មីស៊ីលបាលីស្ទិករបស់រុស្ស៊ី នឹងបង្កើនសម្ពាធលើប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ឱ្យចូលរួមចរចាសន្តិភាព។ លោកបញ្ជាក់ថា ប្រព័ន្ធ Freyja មិនមានបំណងជំនួសប្រព័ន្ធដែលមានស្រាប់នោះទេ ប៉ុន្តែជាការបំពេញបន្ថែម ដើម្បីបង្កើតខែលការពារដ៏រឹងមាំសម្រាប់ទ្វីបអឺរ៉ុបទាំងមូល ហើយអាចអភិវឌ្ឍបានលឿន និងចំណាយថវិកាតិចជាង។



លោកក៏បានឱ្យដឹងដែរថា ប្រព័ន្ធនេះអាចដំណើរការបានក្នុងរយៈពេលប្រហែល ១២ខែ ដោយប្រើជំនាញពីក្រុមហ៊ុនការពារជាតិជាច្រើននៅអឺរ៉ុប ដូចជាការផ្គុំគ្រឿងLego
បារាំងអនុញ្ញាតឱ្យអ៊ុយក្រែនផលិតមីស៊ីល
ប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសថា បារាំងនឹងអនុញ្ញាតឱ្យអ៊ុយក្រែនផលិតមីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធ SAMP-T នៅក្នុងប្រទេសខ្លួន ព្រមទាំងគ្រាប់បែកដឹកនាំដោយភាពជាក់លាក់ និងមីស៊ីលបាញ់ចម្ងាយឆ្ងាយ SCALP ដែលជាលើកដំបូងបំផុតដែលបារាំងផ្តល់អាជ្ញាបណ្ណផលិតបច្ចេកវិទ្យាយោធាបែបនេះដល់អ៊ុយក្រែន។ បារាំងក៏បានបញ្ជាក់ថា អ៊ុយក្រែននឹងទទួលបានយន្តហោះចម្បាំងRafale ចំនួន ១៦គ្រឿង នៅចន្លោះឆ្នាំ ២០២៨-២០២៩
ក្រៅពីនេះ សម្ព័ន្ធថ្មីក៏បានប្រកាសរៀបចំសមយុទ្ធយោធារួមនៅបណ្តាប្រទេសជាប់ព្រំដែនអ៊ុយក្រែន ដើម្បីត្រៀមលក្ខណៈសម្រាប់ការបង្កើតកម្លាំងពហុជាតិនាពេលអនាគត ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាព។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters