[ឡូស ហ្គាឡាដូស]៖ កូនប្រុសរបស់បុរសជនជាតិបែលហ្ស៊ិកម្នាក់ ដែលបានបាត់បង់ជីវិតក្នុងសោកនាដកម្មភ្លើងឆេះព្រៃនៅប្រទេសអេស្ប៉ាញ បានចេញមុខទាត់ចោលការអះអាងរបស់អាជ្ញាធរមូលដ្ឋាន ដែលថាឪពុករបស់លោក និងជនរងគ្រោះដទៃទៀតមិនព្រមស្ដាប់តាមការណែនាំរបស់មន្ត្រីជំនាញ។ លោកសង្កត់ធ្ងន់ថា ក្រុមសង្គ្រោះបន្ទាន់មិនបានផ្តល់ព័ត៌មាន ឬការណែនាំណាមួយដល់ពួកគេទាល់តែសោះ។
លោក Thomas-Wolf Verdonckt អ្នកជំនាញខាងវីរុសជនជាតិបែលហ្ស៊ិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ថា លោកបាននិយាយទូរស័ព្ទជាមួយឪពុករបស់លោក គឺលោក Stanislas Verdonckt អាយុ ៦៣ ឆ្នាំ ដែលជាអ្នកជំនួញម្នាក់ មុនម៉ោង ៩ យប់ (ម៉ោង ១៩:០០ ម៉ោងសកល GMT) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ខណៈពេលដែលអណ្តាតភ្លើងកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់ភូមិ Bedar ស្ថិតក្នុងខេត្ត Almeria ភាគអាគ្នេយ៍ប្រទេសអេស្ប៉ាញ។ សាកសពរបស់លោក Stanislas Verdonckt រួមនឹងជនរងគ្រោះ ៧ នាក់ផ្សេងទៀត ត្រូវបានគេរកឃើញនៅក្នុងជ្រលងភ្នំមួយ ស្ថិតនៅខាងក្រោមតំបន់ Paraje el Curato ដែលជាកន្លែងលោកស្នាក់នៅជាយក្រុង Bedar។

យុវជន Verdonckt វ័យ ៣៣ ឆ្នាំ ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសបែលហ្ស៊ិក បានធ្វើដំណើរមកកាន់ប្រទេសអេស្ប៉ាញភ្លាមៗក្រោយកើតហេតុការណ៍ដ៏រន្ធត់នេះ ដើម្បីជួបសាកសួរអ្នកជិតខាងដែលរស់រានមានជីវិត។ លោកបានអះអាងថា គ្មានមន្ត្រីណាម្នាក់បានប្រាប់ក្រុមអ្នកភូមិថា ភ្លើងកំពុងឆ្ពោះទៅរកពួកគេ ឬណែនាំថា ការស្នាក់នៅក្នុងផ្ទះមានសុវត្ថិភាពជាងការរត់គេចខ្លួននោះទេ។ ពួកគាត់មិនបានល្មើសបញ្ជារបស់អាជ្ញាធរឡើយ ពីព្រោះគ្មានការបញ្ជា ឬព័ត៌មានណាមួយត្រូវបានផ្តល់ឱ្យទាល់តែសោះ។ ពួកគាត់បង្ខំចិត្តរត់ចេញ គឺនៅពេលដែលអណ្តាតភ្លើងបានមកដល់កៀកជិតខ្លួនទៅហើយ ដែលវាជាជម្រើសចុងក្រោយតែមួយគត់។
រដ្ឋាភិបាលក្នុងតំបន់ Andalusia បានពន្យល់ថា មូលហេតុដែលមិនមានការផ្ញើសារព្រមានជាប្រព័ន្ធ (SMS) ទៅកាន់ទូរស័ព្ទដៃរបស់អ្នកស្រុក គឺដោយសារតែស្ថានភាពភ្លើងឆេះព្រៃប្រែប្រួលលឿនបំផុត ហើយដំបូន្មានត្រូវខុសៗគ្នាទៅតាមទីតាំងភូមិសាស្ត្រភ្នំ និងព្រៃឈើ។ ផ្ទុយទៅវិញ អាជ្ញាធរបានចាត់វិធានការឱ្យអភិបាលក្រុង និងប៉ូលីសក្នុងតំបន់ ចុះទៅតាមផ្ទះផ្ទាល់ ឬទូរស័ព្ទទៅកាន់អ្នកស្រុក ដើម្បីបង្ហាញផ្លូវជម្លៀសខ្លួនដោយសុវត្ថិភាព ឬណែនាំឱ្យពួកគេជ្រកកោននៅក្នុងផ្ទះ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្ញើជូន Reuters កាលពីយប់ថ្ងៃអាទិត្យ រដ្ឋាភិបាលតំបន់បានបដិសេធការអះអាងរបស់លោក Verdonckt ដោយបញ្ជាក់ថា អភិបាលក្រុង Bedar គឺលោក Angel Collado បានណែនាំក្រុមជនរងគ្រោះ រួមទាំងលោក Stanislas Verdonckt ផ្ទាល់ឱ្យជ្រកកោននៅក្នុងផ្ទះ។ អាជ្ញាធរបានបន្ថែមថា យើងយល់ពីទុក្ខសោករបស់ក្រុមគ្រួសារ និងគោរពចំពោះការពិតដែលថា នៅក្នុងកាលៈទេសៈដ៏សោកសៅ និងអស់សង្ឃឹមបែបនេះ អារម្មណ៍កំហឹងអាចនាំឱ្យមានការយល់ឃើញខុសប្លែកគ្នាអំពីអ្វីដែលបានកើតឡើង។
រហូតមកទល់ពេលនេះ មនុស្សចំនួន ១៣ នាក់ (ភាគច្រើនជាជនបរទេស និងជនជាតិអេស្ប៉ាញម្នាក់) បានបាត់បង់ជីវិត ក្នុងអំឡុងពេលព្យាយាមរត់គេចពីភ្លើងឆេះព្រៃ ដែលបានរាលដាលពីទីក្រុង Bedar ឆ្ពោះទៅទីក្រុង Los Gallardos។ បច្ចុប្បន្ន អត្តសញ្ញាណផ្លូវការរបស់ជនរងគ្រោះមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ខណៈមនុស្ស ១០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ហេតុការណ៍នេះត្រូវបានកត់ត្រាថាជា គ្រោះអគ្គិភ័យឆេះព្រៃដ៏អាក្រក់បំផុតមួយដែលមានចំនួនអ្នកស្លាប់ច្រើនបំផុតនៅក្នុងប្រទេសអេស្ប៉ាញ។
លោក Verdonckt បានរៀបរាប់ពីទិដ្ឋភាពដែលលោកទទួលបានពីអ្នកជិតខាងថា ឪពុករបស់លោក និងអ្នកភូមិមួយក្រុមបានព្យាយាមបើករថយន្តចេញកាលពីយប់ថ្ងៃព្រហស្បតិ៍ តាមផ្លូវក្រាលកៅស៊ូ ប៉ុន្តែត្រូវរារាំងដោយអណ្តាតភ្លើងដ៏សន្ធោសន្ធៅ។ ដោយសារមិនអាចធ្វើដំណើរតាមផ្លូវធំ និងមិនបានដឹងមុនថាភ្លើងកំពុងបោកបក់មកពីទិសដៅណា ពួកគេបានសម្រេចចិត្តប្តូរទិសដៅ បើករថយន្តទៅតាមផ្លូវលំដីភ្នំវិញ ប៉ុន្តែផ្លូវនោះជាផ្លូវទាល់។ នៅពេលដឹងខ្លួនថាជាប់អន្ទាក់អណ្តាតភ្លើង ពួកគេបានសម្រេចចិត្តបោះបង់ចោលរថយន្ត ហើយរត់គេចខ្លួនដោយថ្មើរជើងចូលទៅក្នុងជ្រលងភ្នំ។ អ្នកជិតខាងម្នាក់ដែលបានរស់រានមានជីវិតនៅក្នុងផ្ទះបានប្រាប់លោក Verdonckt ថា ភ្លើងបានឆាបឆេះមកកៀកផ្ទះរហូតដល់ស្ទើរតែអាចលូកដៃប៉ះបាន។
លោក Verdonckt បានរំឮកថា ឪពុករបស់លោកជាអ្នកឡើងភ្នំ និងជាអ្នកថតរូបដ៏ជំនាញម្នាក់ ដែលបានទិញផ្ទះរស់នៅក្នុងតំបន់នេះជាច្រើនឆ្នាំមកហើយ ព្រមទាំងចេះនិយាយភាសាអេស្ប៉ាញ និងស្គាល់ភូមិសាស្ត្រច្បាស់លាស់ទៀតផង។ នៅក្នុងការសន្ទនាតាមទូរស័ព្ទចុងក្រោយ ឪពុករបស់លោកនៅតែរក្សាភាពស្ងប់ស្ងាត់ និងបានគិតគូរហ្មត់ចត់ពីផែនការការពារខ្លួន A, B និង C យ៉ាងលម្អិត។ លោកថា ឪពុកខ្ញុំជាមនុស្សឆ្លាត និងពូកែវិភាគណាស់។ ប៉ុន្តែនៅពេលនោះ ពួកគាត់មានពេលតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលដែលភ្លើងឆាបឆេះព័ទ្ធជុំវិញខ្លួន រហូតធ្វើឱ្យពួកគេមិនអាចរត់រួច។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលតំបន់ Andalusia នៅតែការពារការសម្រេចចិត្តរបស់អភិបាលក្រុង Bedar ដែលបានបញ្ជាឱ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ដោយបញ្ជាក់ថា នោះជាជម្រើសដែលមានសុវត្ថិភាពបំផុត ផ្អែកលើលក្ខខណ្ឌជាក់ស្តែងនៃល្បឿនភ្លើង។ អាជ្ញាធរក៏បានផ្តល់រូបថតផ្ទះរបស់លោក Stanislas Verdonckt ទៅកាន់ Reuters ដោយបង្ហាញថា ផ្ទះនោះរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះពីអណ្តាតភ្លើង និងបានសង្កត់ធ្ងន់ថា ប្រសិនបើគាត់ស្នាក់នៅក្នុងផ្ទះ វានឹងក្លាយជាជម្រកដ៏មានសុវត្ថិភាពបំផុត។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters