[ហុងកុង]៖ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបាននិងកំពុងវាយប្រហារខេត្ត Hebei ភាគខាងជើង និងខេត្ត Liaoning ភាគឦសាននៃប្រទេសចិន បណ្តាលឱ្យលិចលង់ផ្លូវថ្នល់យ៉ាងខ្លាំង និងបានបោកបក់រថយន្តជាច្រើនគ្រឿង។ វីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមបានបង្ហាញពីទិដ្ឋភាពប្រជាពលរដ្ឋខ្លះបង្ខំចិត្តហែលទឹក ជិះក្តារបន្ទះ និងថែមទាំងមានអ្នកលេងកីឡាជិះក្តារទឹក តាមដងផ្លូវក្នុងសង្កាត់របស់ពួកគេទៀតផង។ យោងតាមការរៀបរាប់របស់អ្នកស្រុកម្នាក់ ដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយផ្លូវការក្នុងស្រុកបានឱ្យដឹងថា កម្ពស់ទឹកជំនន់បានកើនឡើងដល់ទៅជាង ២ ម៉ែត្រ នៅលើដងផ្លូវក្នុងស្រុក Kuancheng នៃខេត្ត Hebei។ ស្រុក Kuancheng ដែលមានប្រជាជនរស់នៅប្រមាណ ២៤០,០០០ នាក់ និងស្ថិតនៅតាមបណ្តោយទន្លេ Luan នេះ បានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយរថយន្តជាច្រើនគ្រឿងបានបោកទង្គិចគ្នាទៅវិញទៅមកនៅលើផ្លូវដែលលិចទឹក មុនពេលត្រូវកម្លាំងទឹកជំនន់ដ៏ខ្លាំងក្លាបោកហូរនាំយកទៅ។

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា អ្នកភូមិប្រហែល ១,៨០០ នាក់នៅក្នុងស្រុក Kuancheng កំពុងជាប់គាំង ខណៈដែលអាជ្ញាធរបានប្រកាសថា ការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព គឺជាអាទិភាពចម្បងបំផុត។ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះបានកើតឡើងបន្ទាប់ពីព្យុះទីហ្វុង Bavi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតមួយបំផ្លិចបំផ្លាញចិនដីគោកក្នុងឆ្នាំនេះ បាននាំមកនូវភ្លៀងធ្លាក់យ៉ាងគំហុកនៅតាមឆ្នេរសមុទ្រភាគខាងកើត និងខ្យល់បក់បោកយ៉ាងខ្លាំងមកលើតំបន់ទីប្រជុំជនដែលមានប្រជាជនរស់នៅកកកុញ។ ស្ថានភាពនេះបានសាកល្បងយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពរបស់ប្រទេសចិនក្នុងការទប់ទល់នឹងអាកាសធាតុដ៏អាក្រក់។

អាជ្ញាធរបានចេញព្រមានថា ព្យុះនេះនឹងបន្តបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងខេត្ត Jilin, Liaoning, Hebei, Shandong, Jiangsu និង Anhui ដែលធ្វើឱ្យហានិភ័យទឹកជំនន់កាន់តែធ្ងន់ធ្ងរថែមទៀត នៅក្នុងតំបន់ដែលរងការជោកជាំដោយទឹកភ្លៀងកាលពីដើមឆ្នាំស្រាប់។

នៅខេត្ត Liaoning អាជ្ញាធរបានប្រកាសអាសន្ន កម្រិតពណ៌ក្រហម សម្រាប់គ្រោះទឹកជំនន់ភ្លាមៗ ដោយព្រមានពីហានិភ័យកម្រិតខ្ពស់។ អាជ្ញាធរខេត្ត Hebei ក៏បានចេញសេចក្តីថ្លែងការណ៍នៅលើបណ្តាញ WeChat ដែរថា ដើម្បីធានាបាននូវសុវត្ថិភាពក្រោមការប្រកាសអាសន្នពណ៌ក្រហមនៃភ្លៀងធ្លាក់ខ្លាំង វិធានការផ្អាកការងារគ្រប់ប្រភេទ ការបិទអាជីវកម្ម និងការផ្អាកការជួបជុំនានា ត្រូវតែអនុវត្តយ៉ាងមុឺងម៉ាត់បំផុត។

នៅលើកម្មវិធី RedNote (ឬ Xiaohongshu នៅក្នុងប្រទេសចិន) វីដេអូមួយបានបង្ហាញពីបុរសម្នាក់កំពុងហែលទឹកបញ្ច្រាសចរន្តទឹកនៅលើដងផ្លូវក្នុងទីក្រុង Shenyang ខេត្ត Liaoning ខណៈដែលជួររថយន្តចតនៅសងខាងផ្លូវជិតលិចបាត់ទាំងស្រុងទៅហើយ។ ឃ្លីបដទៃទៀតបានបង្ហាញពីមនុស្សម្នាក់ឈរលើក្តារបន្ទះ ដើម្បីធ្វើដំណើរ និងបុរសម្នាក់ទៀតកំពុងលេងកីឡាជិះក្តារទឹក ដោយតោងខ្សែពីក្រោយរថយន្តនៅលើផ្លូវលិចទឹកដ៏ធំល្វឹងល្វើយ។ នៅក្នុងវីដេអូដាច់ដោយឡែកមួយនៅលើ WeChat គេឃើញកម្លាំងនគរបាលកំពុងខិតខំប្រឹងប្រែងរុញរថយន្តដែលខូចឆ្លងកាត់ទឹកជំនន់។
 

ផលប៉ះពាល់លើការធ្វើដំណើររួមមាន ក្រុមហ៊ុនផ្លូវដែកចិន បានប្រកាសកាលពីថ្ងៃចន្ទថា ខ្សែរថភ្លើងជាច្រើននៅក្នុងទីក្រុង Shenyang ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយប៉ះពាល់ដល់ផ្នែកផ្លូវដែកជាង ៣០ កន្លែង។គ្រឹះស្ថានសិក្សាជាច្រើនត្រូវបានបញ្ជាឱ្យបិទទ្វារនៅទូទាំងតំបន់រងគ្រោះ រួមទាំងខេត្ត Jilin ផងដែរ។

យោងតាមមន្ទីរឧតុនិយមកណ្តាលរបស់ប្រទេសចិន តំបន់មួយចំនួននៅភាគឦសានប្រទេសចិននឹងត្រូវប្រឈមមុខនឹងព្យុះផ្គររន្ទះ ឬព្យុះព្រិលដែលមានកម្លាំងខ្យល់កម្រិត ៨ ឬលើសនេះ។ ដោយឡែក ផ្នែកខ្លះនៃខេត្ត Jiangsu ភាគកណ្តាល និងភាគខាងជើង នឹងមានព្យុះផ្គររន្ទះកម្រិត ១០ ឬលើសពីនេះ ដោយកម្លាំងខ្យល់អតិបរមាអាចឡើងដល់កម្រិត ១១ (ល្បឿនរហូតដល់ ១១៧ គីឡូម៉ែត្រក្នុងមួយម៉ោង) និងអាចបង្កជាព្យុះកំបុតត្បូងនៅក្នុងតំបន់មួយចំនួនផងដែរ។

ព្យុះទីហ្វុង Bavi នេះមានទំហំគម្របពពកធំធេងប្រហាក់ប្រហែលនឹង ទំហំប្រទេសបារាំង ដែលបានកកើតឡើងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពី ១៣ ថ្ងៃមុន។ អ្នកជំនាញឧតុនិយមចិនបានពន្យល់ថា រចនាសម្ព័ន្ធរបស់ព្យុះនេះនៅតែរក្សាភាពរឹងមាំ ដោយសារវាមានស្នូលក្តៅដែលអាចរក្សាសំណើមបានយ៉ាងល្អ ខណៈវាបក់សំដៅទៅទិសខាងជើងឆ្ពោះទៅឧបទ្វីបកូរ៉េ។ ភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងថានឹងបន្តកើតមាន ខណៈដែលព្យុះ Bavi (បច្ចុប្បន្នត្រូវបានចាត់ថ្នាក់ជាព្យុះត្រូពិច) បន្ថយល្បឿន និងចាប់ផ្តើមបង្អុរទម្លាក់សំណើមទាំងអស់ដែលវាបានផ្ទុកមក។ ក្រសួងធនធានទឹកចិនបានបញ្ជាក់ថា គិតត្រឹមពេលនេះ មានទន្លេចំនួន ៤៦ នៅទូទាំងប្រទេសកំពុងជួបប្រទះស្ថានភាពទឹកជំនន់កើនឡើងហួសកម្រិតព្រមានហើយ។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters