[ឡុងដ៍]៖ យន្តហោះគ្មានមនុស្សបើក (Drone) ដែលមានតម្លៃផលិតទាប កំពុងតែផ្លាស់ប្តូរទម្រង់សង្គ្រាមទំនើប ដោយបានប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ ឱ្យទៅជា ចំណុចខ្សោយនៃសេដ្ឋកិច្ចពិភពលោក។ មេរៀនពីសមរភូមិក្នុងប្រទេសអ៊ុយក្រែន រុស្ស៊ី និងមជ្ឈិមបូព៌ា បានបង្ហាញយ៉ាងច្បាស់ថា យន្តហោះដ្រូនទាំងនេះអាចគេចផុតពីប្រព័ន្ធការពារដែនអាកាសបែបប្រពៃណីយ៉ាងងាយស្រួល។ ពួកវាបានប្រែក្លាយរោងចក្រចម្រាញ់ប្រេង ស្ថានីយថាមពល ស្ថាបត្យកម្មនាំចេញ និងបំពង់បង្ហូរប្រេង ឱ្យទៅជាគោលដៅវាយប្រហារដ៏ងាយរងគ្រោះ។ 

ផលប៉ះពាល់លើឧស្សាហកម្មថាមពលគឺមានទំហំធំធេងណាស់ ព្រោះគ្រឿងបរិក្ខារដែលត្រូវចំណាយពេលរាប់ទសវត្សរ៍ និងថវិការាប់ពាន់លានដុល្លារដើម្បីសាងសង់ ឥឡូវនេះអាចត្រូវបានបំផ្លិចបំផ្លាញដោយដ្រូនមួយហ្វូងដែលមានតម្លៃត្រឹមតែពីរបីរយ ទៅពីរបីពាន់ដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿង។ នេះជាការផ្លាស់ប្តូរតុល្យភាពយុទ្ធសាស្ត្រយ៉ាងខ្លាំងរវាង អ្នកវាយប្រហារ និង អ្នកការពារ។

ប្រទេសអ៊ីរ៉ង់បានបង្ហាញពីតថភាពថ្មីនេះយ៉ាងច្បាស់បំផុត។ ចាប់តាំងពីជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានផ្ទុះឡើង ទីក្រុងតេអេរ៉ង់បានប្រើប្រាស់ដ្រូនជាញឹកញាប់ ដើម្បីរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់ធ្លាប់ផ្ទុកប្រេងនិងឧស្ម័នប្រហែលមួយភាគប្រាំនៃពិភពលោក។ ការវាយប្រហារទាំងនេះបានបំបែកជំនឿចាស់ៗដែលថា ច្រកសមុទ្រនេះមិនអាចបិទជិតបាន បើគ្មានវត្តមានកងទ័ពជើងទឹកដ៏ធំ។

ការគំរាមកំហែងនេះបានបង្ខំឱ្យបណ្តាប្រទេសផលិតប្រេងនៅតំបន់ឈូងសមុទ្រ រស់ឡើងវិញនូវផែនការវាងច្រកសមុទ្រ Hormuz ដោយប្រញាប់ប្រញាល់សាងសង់បំពង់បង្ហូរប្រេងរាប់ពាន់គីឡូម៉ែត្រឆ្លងកាត់វាលខ្សាច់។ ទោះជាយ៉ាងណាក៏ដោយ រាល់គីឡូម៉ែត្រនៃបំពង់បង្ហូរប្រេងថ្មី ស្ថានីយ៍បូមទឹក ឬស្ថានីយ៍រងអគ្គិសនី គឺសុទ្ធតែជាការបង្កើត «គោលដៅវាយប្រហារថ្មី» សម្រាប់យន្តហោះដ្រូនដែលកាន់តែទំនើប។ អ៊ីរ៉ង់បានវាយប្រហារលើរោងចក្រចម្រាញ់ប្រេង រោងចក្រឧស្ម័នធម្មជាតិរាវ (LNG) និងស្ថានីយថាមពលជាច្រើនរួចមកហើយនៅក្នុងតំបន់ ព្រមទាំងបានបង្ហាញថាខ្លួនអាចផលិតដ្រូនថ្មីៗបានយ៉ាងលឿន សូម្បីតែស្ថិតក្រោមលក្ខខណ្ឌសង្គ្រាមក៏ដោយ។ វិធានការទាំងឡាយដែលរៀបចំឡើងដើម្បីពង្រឹងសន្តិសុខថាមពល អាចនឹងកំពុងបង្កើតភាពងាយរងគ្រោះ និងហានិភ័យថ្មីៗបន្ថែមទៀត ដែលវារាលដាលហួសពីតំបន់មជ្ឈិមបូព៌ាទៅទៀត។

គ្មានកន្លែងណាដែលបង្ហាញពីអានុភាពបំផ្លិចបំផ្លាញនៃដ្រូនច្បាស់ជាងនៅអ៊ុយក្រែននោះទេ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងគៀវបានបង្ហោះដ្រូនរយៈចម្ងាយឆ្ងាយជាច្រើនគ្រឿង ចូលទៅវាយប្រហាររោងចក្រចម្រាញ់ប្រេង និងឃ្លាំងផ្ទុកប្រេងយ៉ាងជ្រៅនៅក្នុងទឹកដីរុស្ស៊ី ដែលធ្វើឱ្យរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងបង្ហាញថាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រអាចត្រូវបានវាយប្រហារ ទោះបីជានៅឆ្ងាយពីខ្សែត្រៀមជួរមុខក៏ដោយ។ ស្របពេលជាមួយគ្នានេះ អ៊ុយក្រែនបានបង្កើតឧស្សាហកម្មដ្រូនក្នុងស្រុកដ៏ធំមួយ ដោយផលិតដ្រូនតម្លៃថោកបានរាប់សែនគ្រឿងក្នុងមួយខែៗ។

ការកើនឡើងនៃដ្រូនតម្លៃថោកនេះ កំពុងបង្ខំឱ្យរដ្ឋាភិបាលនានាត្រូវគិតគូរឡើងវិញពីប្រព័ន្ធការពារជាតិដែលមានតម្លៃថ្លៃ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ សមាជិកអង្គការណាតូ កាលពីសប្តាហ៍មុនបានប្រកាសពីផែនការវិនិយោគទឹកប្រាក់ចំនួន ៤០ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ លើសមត្ថភាពប្រឆាំងដ្រូន និងបណ្តុះបណ្តាលប្រតិបត្តិករដ្រូនឱ្យបានរាប់ម៉ឺននាក់ត្រឹមចុងឆ្នាំ ២០២៧។ បច្ចេកវិទ្យាប្រឆាំងដ្រូនដែលកំពុងត្រូវបានបង្កើតឡើង រួមមាន ប្រព័ន្ធរ៉ាដាទំនើបកម្រិតខ្ពស់ ប្រព័ន្ធរំខានសញ្ញាទំនាក់ទំនង ដ្រូនសម្រាប់ស្ទាក់ចាប់ អាវុធថាមពលឡាស៊ែរ និងប្រព័ន្ធមីស៊ីលឯកទេស ដើម្បីកម្ទេចដ្រូនមុនពេលវាទៅដល់គោលដៅ។ អង្គការណាតូបានគូសបញ្ជាក់ថា យន្តហោះដ្រូនបានផ្លាស់ប្តូរទម្រង់នៃសង្គ្រាមសម័យទំនើបជាឫសគល់ ហើយក្លាយជាកត្តាសម្រេចលទ្ធផលនៅលើសមរភូមិ។ការការពារដែលមានប្រសិទ្ធភាព គឺពឹងផ្អែកលើសមត្ថភាពក្នុងការស្វែងរក កំណត់អត្តសញ្ញាណនិងកម្ទេចពួកវាឱ្យបានឆាប់រហ័ស។

សង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា បានលាតត្រដាងពីភាពទន់ខ្សោយនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជុំវិញពិភពលោក ចាប់តាំងពីបណ្តាញថាមពល ទូរគមនាគមន៍ រហូតដល់ប្រព័ន្ធដឹកជញ្ជូន និងបណ្តាញអគ្គិសនី។ នៅអឺរ៉ុប អាជ្ញាធរបានកត់សម្គាល់ពីការកើនឡើងនៃការវាយប្រហារបែបបំផ្លិចបំផ្លាញ និងការវាយប្រហារកូនកាត់ ដែលសង្ស័យថាជាស្នាដៃរបស់រុស្ស៊ី ទៅលើប្រភពថាមពលដើរដោយខ្យល់នៅឯនាយសមុទ្រ បណ្តាញផ្លូវដែក និងខ្សែបញ្ជូនថាមពល។ ដើម្បីទប់ទល់នឹងបញ្ហានេះ ការបង្កើតផ្លូវដឹកជញ្ជូនជំនួសគឺជាធារាសាស្ត្រដ៏ចាំបាច់។ អារ៉ាប៊ីសាអូឌីត កំពុងពិចារណាពង្រឹងសមត្ថភាពបំពង់បង្ហូរប្រេងខាងកើត-ខាងលិច ដែលតភ្ជាប់តំបន់ប្រេងរបស់ខ្លួនទៅកាន់ឆ្នេរសមុទ្រក្រហម ដើម្បីវាងច្រកសមុទ្រ Hormuz ទាំងស្រុង (ប្រព័ន្ធនេះធ្លាប់ជួយឱ្យពួកគេនាំចេញប្រេងបាន ៤លានបារ៉ែលក្នុងមួយថ្ងៃ អំឡុងពេលមានភាពតានតឹង)។ អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ាក់ និងគុយវ៉ែត ក៏កំពុងពង្រីកបំពង់បង្ហូរប្រេងទៅកាន់កំពង់ផែ Fujairah និងស្វែងរកគម្រោងស្រដៀងគ្នានេះដែរ។

ទោះជាយ៉ាងណា បណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏វែងអន្លាយទាំងនេះ បង្កើតជាគោលដៅដ៏ធំធេងដែលពិបាកការពារ។ ជាលទ្ធផល ក្រុមហ៊ុនថាមពលនានាកំពុងបង្ខំចិត្តបញ្ចូលហានិភ័យនៃសង្គ្រាមដ្រូន ទៅក្នុងផែនការសាងសង់ និងប្រតិបត្តិការរបស់ខ្លួន ហើយក្រុមហ៊ុនខ្លះថែមទាំងត្រូវទិញប្រព័ន្ធការពារដ្រូនផ្ទាល់ខ្លួនទៀតផង។ បច្ចេកវិទ្យាដ្រូនបានបង្វិលសមីការសង្គ្រាម ព្រោះប្រព័ន្ធការពារដែនអាកាសទំនើបៗមានតម្លៃថ្លៃជាងឆ្ងាយ បើធៀបនឹងតម្លៃដ្រូនដែលពួកគេត្រូវបាញ់កម្ទេច។ ស្ថានភាពនេះមានភាពស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងសម័យសង្គ្រាមលោកលើកទីមួយ។ 

នៅពេលនោះ ការលេចឡើងនៃកាំភ្លើងយន្ត លួសបន្លា និងកាំភ្លើងធំ បានធ្វើឱ្យយុទ្ធសាស្ត្រវាយប្រហារបែបសម្រុកដោយកងទ័ពថ្មើរជើងរាប់សតវត្សរ៍មុនរលាយសាបសូន្យ ព្រោះទាហានតែពីរបីនាក់ដែលមានកាំភ្លើងយន្ត អាចកម្ទេចសត្រូវរាប់រយនាក់នៅលើទីលានវាលទំនាបបានយ៉ាងងាយ។ វាបានបង្កើតជាសង្គ្រាមលេណដ្ឋាន និងភាពជាប់គាំងបង្ហូរឈាមជាច្រើនឆ្នាំ រហូតទាល់តែបច្ចេកវិទ្យាថ្មីដូចជារថក្រោះ និងយន្តហោះចម្បាំងត្រូវបានបង្កើតឡើង ទើបអាចបំបែកភាពជាប់គាំងនោះបាន។ ការគំរាមកំហែងពីដ្រូននាពេលបច្ចុប្បន្នក៏ដូចគ្នាដែរ វានឹងបន្តមានប្រៀបដរាបណារដ្ឋាភិបាល និងយោធាមិនទាន់អាចបង្កើតវិធានការប្រឆាំងដែលមានប្រសិទ្ធភាព និងតម្លៃសមរម្យ។ សម្រាប់ពេលនេះ សមីការយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចកំពុងផ្តល់ផលចំណេញយ៉ាងខ្លាំងដល់ អ្នកវាយប្រហារ។ វាកំពុងទុកឱ្យឧស្សាហកម្មថាមពលពិភពលោកប្រឈមមុខនឹងការពិតដ៏ជូរចត់មួយ បច្ចេកវិទ្យាតម្លៃថោក កំពុងកាន់កាប់ជោគវាសនានៃទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ហើយដរាបណាអតុល្យភាពនេះមិនទាន់ត្រូវបានដោះស្រាយ យន្តហោះដ្រូននឹងនៅតែជាឧបករណ៍គំរាមកំហែងដ៏ស្រួចស្រាវចំពោះសេដ្ឋកិច្ចពិភពលោកដដែល។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters