យោងតាមមន្ត្រីអាជ្ញាធរថៃ អគ្គិភ័យបានផ្ទុះឡើងនៅវេលាម៉ោង១១:៥៧នាទីយប់ ហើយបានរាលដាលយ៉ាងឆាប់រហ័ស ពោរពេញដោយផ្សែងក្រាស់ ធ្វើឱ្យអ្នកដែលកំពុងស្ថិតនៅក្នុងបារជាច្រើននាក់រត់គេចខ្លួនដោយភាពចលាចល។ អ្នករស់រានមានជីវិតបានរៀបរាប់ថា មនុស្សជាច្រើនបានរត់ទៅផ្នែកខាងក្រោយនៃកន្លែងសម្តែង ក្បែរបន្ទប់ទឹក ប៉ុន្តែមិនអាចរកផ្លូវចេញពីអគ្គិភ័យបានឡើយ។

លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ដែលបានចុះពិនិត្យកន្លែងកើតហេតុភ្លាមៗ បានថ្លែងថា ក្រុមសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះចំនួន ២៧នាក់ខណៈសាកសពមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីបន្តនីតិវិធី។
លោក Suriyachai Rawiwan នាយកនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ នៃរដ្ឋបាលក្រុងបាងកក បានឱ្យដឹងថា មានមនុស្សសរុប ៦៣នាក់រងរបួស ក្នុងហេតុការណ៍នេះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ក្នុងចំណោមនោះ ២២នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើតាមការបញ្ជាក់របស់លោក Chadchart Sittipunt អភិបាលក្រុងបាងកក។

មន្ត្រីបានបញ្ជាក់ថា នៅពេលក្រុមពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះទៅដល់ទីតាំង អណ្តាតភ្លើងបានឆាបឆេះរាលដាលស្ទើរពេញអគាររួចទៅហើយ។ សាក្សីនៅកន្លែងកើតហេតុបានអះអាងថា អគ្គិភ័យបានចាប់ផ្តើមនៅផ្នែកខាងមុខឆាកសម្តែង មុននឹងរាលដាលយ៉ាងលឿនទៅទូទាំងបារ។
ទិដ្ឋភាពនៅកន្លែងកើតហេតុពោរពេញដោយភាពសោកសៅ ខណៈក្រុមជួយសង្គ្រោះបានប្រទះឃើញជនរងគ្រោះជាច្រើនដេកស្លាប់នៅក្បែរបន្ទប់ទឹក ដែលគេជឿថា ពួកគេបានព្យាយាមរត់គេចពីអណ្តាតភ្លើង ប៉ុន្តែមិនអាចរកច្រកចេញបាន។
អាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ដើម្បីកំណត់មូលហេតុពិតប្រាកដនៃអគ្គិភ័យ និងពិនិត្យថាតើទីតាំងកម្សាន្តនេះបានអនុវត្តតាមស្តង់ដារសុវត្ថិភាពអគ្គិភ័យដែរឬទេ។
