ប្រាក់យ៉េនរបស់ជប៉ុនបានងើបឡើងថ្លៃនៅថ្ងៃសុក្រ បន្ទាប់ពីរដ្ឋាភិបាលជប៉ុនប្រកាសផែនការលើកទឹកចិត្តឱ្យមូលនិធិសោធននិវត្តន៍បង្កើនការវិនិយោគលើទ្រព្យសកម្មហិរញ្ញវត្ថុក្នុងស្រុក។ ក្រុមអ្នកវិភាគមើលឃើញថា វិធានការនេះអាចជួយគាំទ្រប្រាក់យ៉េនបានប្រសើរជាងការអន្តរាគមន៍ដោយផ្ទាល់ក្នុងទីផ្សារប្តូរប្រាក់។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោកស្រី Satsuki Katayama បានឱ្យដឹងថា រដ្ឋាភិបាលកំពុងរៀបចំវិធានការមួយចំនួន ដែលរួមមានការជំរុញឱ្យ មូលនិធិសោធននិវត្តន៍រដ្ឋាភិបាល ដែលជាមូលនិធិសោធននិវត្តន៍ធំបំផុតមួយនៅលើពិភពលោក បង្កើនការវិនិយោគយ៉ាងច្រើនលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ជប៉ុន។ ក្រោយការប្រកាសនេះ ប្រាក់យ៉េនបានកើនឡើងពីកម្រិតលើស ១៦២ យ៉េនក្នុងមួយដុល្លារមកដល់កម្រិតខ្ពស់ប្រចាំថ្ងៃ១៦១,២៨៥ យ៉េនក្នុងមួយដុល្លារមុននឹងជួញដូរនៅ១៦១,៦៤ យ៉េនក្នុងមួយដុល្លារកើនឡើងប្រហែល០,៤៦%

Illustration shows Yen and U.S. dollar banknotes

លោកFabien Yip អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន IG បាននិយាយថា ប្រសិនបើមូលនិធិសោធននិវត្តន៍ធំៗផ្លាស់ប្តូរយុទ្ធសាស្ត្រវិនិយោគ ដោយកាត់បន្ថយការវិនិយោគនៅក្រៅប្រទេស និងបង្កើនការវិនិយោគក្នុងស្រុក នោះនឹងនាំឱ្យមានលំហូរទុនចូលទ្រព្យសកម្មដែលកំណត់តម្លៃជាប្រាក់យ៉េនកាន់តែច្រើន។ វាមិនត្រឹមតែជួយគាំទ្រប្រាក់យ៉េនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ទីផ្សារភាគហ៊ុន និងទីផ្សារមូលបត្របំណុលរបស់ជប៉ុនផងដែរ។  លោកបន្ថែមថា ខណៈប្រាក់យ៉េនកំពុងស្ថិតនៅជិតកម្រិតទាបបំផុតក្នុងរយៈពេលជិត ៤០ ឆ្នាំ បើធៀបនឹងប្រាក់ដុល្លារ រដ្ឋាភិបាលជប៉ុនក៏កំពុងស្វែងរកដំណោះស្រាយរយៈពេលវែង ដោយបង្កើនលំហូរទុនចូលទ្រព្យសកម្មដែលប្រើប្រាក់យ៉េន ជាជាងពឹងផ្អែកលើការអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់។ ការឡើងថ្លៃរបស់ប្រាក់យ៉េនក៏បានកើតឡើងចំពោះរូបិយប័ណ្ណផ្សេងៗផងដែរ ដោយប្រាក់អឺរ៉ូធ្លាក់ចុះ០,៣% មកនៅ ១៨៤,៩៤ យ៉េន ខណៈប្រាក់ផោនអង់គ្លេសធ្លាក់ ០,២៨% មកនៅ ២១៧,០២ យ៉េន។ មុនព័ត៌មាននេះ ប្រាក់យ៉េនបានធ្លាក់ចុះជិតកម្រិតទាបបំផុតក្នុងរយៈពេលជិត ៤០ ឆ្នាំ ដែលធ្វើឱ្យទីផ្សាររំពឹងថា អាជ្ញាធរជប៉ុនអាចចូលអន្តរាគមន៍ដើម្បីទប់ស្កាត់ការធ្លាក់ថ្លៃបន្ថែម។ ការងើបឡើងរបស់ប្រាក់យ៉េនក៏បានធ្វើឱ្យ សន្ទស្សន៍ប្រាក់ដុល្លារ (Dollar Index) ធ្លាក់ចុះ ០,១៥% មកនៅ ១០០,៧៥

ទន្ទឹមនឹងនេះ វិនិយោគិនមិនសូវផ្តោតលើភាពតានតឹងដែលកំពុងកើនឡើងក្នុងជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នោះទេ ប៉ុន្តែការបរាជ័យនៃបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កការព្រួយបារម្ភជាថ្មីអំពីទិសដៅតម្លៃប្រេង និងអតិផរណាសកល។ លោកThierry Wizman អ្នកយុទ្ធសាស្ត្រទីផ្សារប្តូរប្រាក់ និងអត្រាការប្រាក់របស់Macquarie Group បាននិយាយថា ហានិភ័យនៃសង្គ្រាមនៅតែជាសម្ពាធលើអារម្មណ៍ទីផ្សារ ខណៈអ្នកជួញដូរកំពុងតាមដានថា តើអ៊ីរ៉ង់នឹងត្រៀមចូលរួមសង្គ្រាមទ្រង់ទ្រាយធំជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីរក្សាការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ឬអត់។ ជារួម ប្រាក់ដុល្លារត្រូវបានរំពឹងថានឹងបញ្ចប់សប្តាហ៍ដោយមានការប្រែប្រួលតិចតួច ខណៈការទិញទ្រព្យសកម្មសុវត្ថិភាពបានទូទាត់នឹងការរំពឹងទុកថា ធនាគារកណ្តាលអាមេរិក នឹងមិនដំឡើងអត្រាការប្រាក់ក្នុងពេលខាងមុខ។ ចំណែកប្រាក់អឺរ៉ូបានកើនឡើង ០,១២% ដល់ ១,១៤៤៣ ដុល្លារ ក្នុងមួយអឺរ៉ូ ខណៈប្រាក់ផោនអង់គ្លេសកើនឡើង០,១៧% ដល់ ១,៣៤៣១ ដុល្លារ និងត្រូវបានរំពឹងថានឹងកើនប្រហែល ០,៦% សម្រាប់សប្តាហ៍នេះ។ រីឯប្រាក់ដុល្លារអូស្ត្រាលីកើនឡើង ០,១៩% ដល់ ០,៦៩៥៥ ដុល្លារ ខណៈប្រាក់ដុល្លារនូវែលសេឡង់ (Kiwi) កើនឡើង ០,៣៥% ដល់ ០,៥៧៧៥ ដុល្លារ និងត្រូវបានរំពឹងថានឹងបញ្ចប់សប្តាហ៍ជាមួយកំណើនលើស ១% បន្ទាប់ពី ធនាគារកណ្តាលនូវែលសេឡង់ (RBNZ) បានដំឡើងអត្រាការប្រាក់នៅសប្តាហ៍នេះ និងផ្តល់សញ្ញាថា អាចបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀត។ ធនាគារWestpac រំពឹងថា RBNZ នឹងដំឡើងអត្រាការប្រាក់២៥ ចំណុចមូលដ្ឋាននៅក្នុងខែកញ្ញា និងខែធ្នូ ហើយអត្រាការប្រាក់គោលអាចឡើងដល់ ៤% នៅខែកញ្ញា ឆ្នាំ២០២៧។ ទោះជាយ៉ាងណា អ្នកសេដ្ឋកិច្ចរបស់ Westpac បានបញ្ជាក់ថា ពេលវេលាជាក់លាក់នៃការដំឡើងអត្រាការប្រាក់នៅតែមិនទាន់ប្រាកដប្រជានៅឡើយ។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters