អគ្គិភ័យដ៏ធំមួយបានឆាបឆេះភ្នំសំរាមនៅក្នុងប្រទេសឥណ្ឌូនេស៊ីអស់រយៈពេល ៨ ថ្ងៃមកហើយ គិតត្រឹមពេលនេះ។ អគ្គិភ័យដែលបានកើតឡើងនៅទីលានចាក់សំរាម Jatiwaringin ស្ថិតនៅជាយរដ្ឋធានីហ្សាការតា បានរីករាលដាលលើផ្ទៃដីជាង ១៥ ហិកតា ដោយបញ្ចេញផ្សែងពុលយ៉ាងក្រាស់ក្រឃ្លឹបគ្របដណ្តប់ពេញតំបន់ និងបង្ខំឱ្យប្រជាជនក្នុងស្រុកដទៃទៀតរាប់រយនាក់ត្រូវភៀសខ្លួនជាបន្ទាន់។
អាជ្ញាធរសុខាភិបាលបានរាយការណ៍ពីការកើនឡើងនៃអ្នកជំងឺផ្លូវដង្ហើមដោយសារតែការបំពុលខ្យល់។ ខណៈពេលនេះ ក្រុមអ្នកពន្លត់អគ្គិភ័យបាននិងកំពុងប្រើប្រាស់ឧទ្ធម្ភាគចក្រ រថយន្តដឹកទឹក រថយន្តឈូសឆាយ និងដ្រូន (យន្តហោះគ្មានមនុស្សបើក) ដើម្បីវាយលុកពន្លត់ភ្លើង ដោយរំពឹងថានឹងអាចគ្រប់គ្រងស្ថានការណ៍បាននៅចុងសប្តាហ៍នេះ។

ទោះជាយ៉ាងណាក៏ដោយ សកម្មជនបរិស្ថានបានលើកឡើងថា នេះគ្រាន់តែជារោគសញ្ញាមួយនៃវិបត្តិកាកសំណល់ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយពួកគេបានចាត់ទុកអគ្គិភ័យនៅទីលានចាក់សំរាមនេះថាជា គ្រោះមហន្តរាយបរិស្ថានដែលបណ្តាលមកពីការធ្វេសប្រហែសជាប្រព័ន្ធ។
ភ្លើងបានចាប់ផ្តើមឆាបឆេះតាំងពីថ្ងៃទី ៣០ ខែមិថុនា ដោយផ្តើមចេញពីផ្កាភ្លើងតូចមួយ បូករួមនឹងខ្យល់បក់បោកខ្លាំង បានធ្វើឱ្យភ្លើងរាលដាលយ៉ាងលឿនទៅលើគំនរសំរាមដ៏ខ្ពស់ៗ ដែលជាចំណុចដ៏លំបាកសម្រាប់ក្រុមពន្លត់អគ្គិភ័យក្នុងការចូលទៅជិត។
អស់រយៈពេលមួយសប្តាហ៍មកនេះ ផ្សែងខ្មៅអាប់អួបានបក់បោកចូលពេញតំបន់លំនៅដ្ឋានជុំវិញនោះ។ យោងតាមការវាស់វែងរបស់ក្រសួងបរិស្ថានបានបង្ហាញថា គុណភាពខ្យល់នៅជុំវិញទីលានចាក់សំរាមបានធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់ ទោះបីជាមានភាពធូរស្រាលបន្តិចវិញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក្តី។ អ្នកស្រុកម្នាក់ឈ្មោះ Sarmanah អាយុ ៤៥ ឆ្នាំ បានប្រាប់ BBC ទាំងក្តីបារម្ភថា ផ្សែងពុលបានហុយចូលពេញផ្ទះរបស់ខ្ញុំ ធ្វើឱ្យខ្ញុំបង្ខំចិត្តរត់ភៀសខ្លួនជាមួយកូនៗ។ ផ្សែងនោះក្រាស់ខ្លាំងណាស់ រហូតមើលគ្នាមិនឃើញឡើយ។ វាឈួលចូលច្រមុះ ធ្វើឱ្យក្អក ហៀរសំបោរ និងថប់ដង្ហើម យើងមិនអាចទ្រាំរស់នៅបន្តទៀតបានទេ ទើបសម្រេចចិត្តចាកចេញ។

ប្រជាពលរដ្ឋរាប់រយនាក់ផ្សេងទៀតក៏បានភៀសខ្លួនទៅរកទីជម្រកបណ្តោះអាសន្នដែលរៀបចំដោយរដ្ឋាភិបាលក្នុងតំបន់ផងដែរ។ ស្រ្តីម្នាក់ទៀតឈ្មោះ Tosiyani អាយុ ៣៧ ឆ្នាំ បាននិយាយថានាងត្រូវបានហាមឃាត់មិនឱ្យត្រឡប់ទៅផ្ទះវិញឡើយ ដោយសារតែ ខ្យល់អាកាសពោរពេញដោយឧស័្មនពុល។ គិតមកទល់ពេលនេះ អាជ្ញាធរសុខាភិបាលក្នុងតំបន់បានពិនិត្យសុខភាពជូនប្រជាពលរដ្ឋយ៉ាងហោចណាស់ ២៣៤ នាក់ ដែលមានបញ្ហាផ្លូវដង្ហើមដោយសារផ្សែងភ្លើង ក្នុងនោះមាន ៧២ នាក់ត្រូវបានរកឃើញថាកំពុងរងគ្រោះដោយសារការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ។
លោក Djohan Darmawan នាយកសម្របសម្រួលប្រតិបត្តិការសង្គ្រោះបន្ទាន់នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានពន្យល់ថា ការពន្លត់ភ្លើងឆេះទីលានចាក់សំរាមបែបនេះ ទាមទារឱ្យមានបច្ចេកទេសគ្រប់គ្រងពិសេស ព្រោះអណ្តាតភ្លើងមិនមែនឆេះតែនៅលើផ្ទៃខាងលើនោះទេ ប៉ុន្តែវាបានឆេះងំនៅខាងក្នុងគំនរសំរាមដ៏ជ្រៅ។ ទោះបីជាមន្ត្រីរដ្ឋាភិបាលមិនទាន់បានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការចាប់ផ្តើមឆេះក៏ដោយ ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលឥណ្ឌូនេស៊ី Forum for the Environment បានសន្និដ្ឋានថា វាបណ្តាលមកពីការកកកុញនៃ ឧស្ម័នមេតាន ដែលកើតចេញពីការរលួយនៃកាកសំណល់សរីរាង្គ។
នេះគឺជាលទ្ធផលនៃប្រព័ន្ធចាក់សំរាមបែបបើកចំហ ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ និងកំពុងអនុវត្តយ៉ាងទូលំទូលាយនៅឥណ្ឌូនេស៊ី។ លោក Wahyu Eka Styawan សកម្មជនយុទ្ធនាការរបស់អង្គការ Walhi បានប្រាប់ BBC ថា នេះគឺជាគ្រាប់បែកពេលវេលានៃបញ្ហាគ្រប់គ្រងកាកសំណល់ដែលបានកកកុញ និងត្រូវបានគេមើលរំលងអស់រយៈពេលជាច្រើនឆ្នាំ ដោយគ្មានការកែលម្អជាមូលដ្ឋាន។ យោងតាមទិន្នន័យ ទីលានចាក់សំរាម Jatiwaringin អាចផ្ទុកកាកសំណល់បានត្រឹមតែ ២.៧០០ តោនក្នុងមួយថ្ងៃ ដែលអាចឆ្លើយតបបានតែ ៥៩% នៃកាកសំណល់សរុបដែលបង្កើតឡើងដោយតំបន់ Tangerang Regency ប៉ុណ្ណោះ។

តើសំរាមដែលនៅសល់ទៅណា? ចម្លើយគឺវាត្រូវបានយកទៅចាក់ចោលនៅតាមទីលានបើកចំហដទៃទៀតជុំវិញក្រុង Tangerang ដែលបង្កជាភ្នំសំរាមពុលក្នុងចម្ងាយត្រឹមតែមួយរយម៉ែត្រពីផ្ទះអ្នកស្រុក។ បញ្ហានេះបានយាយីជីវភាពពលរដ្ឋតាំងពីយូរណាស់មកហើយ តាមរយៈក្លិនស្អុយ រុយរោម និងការភ័យខ្លាចពីការបាក់ដី មុនពេលវាផ្ទុះឆេះទៅទៀត។ អាកាសធាតុក្តៅខ្លាំង និងវិបត្តិប្រែប្រួលអាកាសធាតុ បានធ្វើឱ្យឧស្ម័នមេតានក្រោមភ្នំសំរាមទាំងនេះងាយនឹងផ្ទុះឆេះភ្លាមៗនៅពេលមានផ្កាភ្លើង ឬកម្ដៅខ្ពស់។ គួររំលឹកផងដែរថា ពេញមួយឆ្នាំ ២០២៣ អគ្គិភ័យធំៗបានកើតឡើងនៅទីលានចាក់សំរាមមួយចំនួនរួចមកហើយ ដូចជាទីលានចាក់សំរាម Sarimukti ក្នុងទីក្រុង Bandung (ឆេះអស់ដីរាប់សិបហិកតាដោយសារបារី និងឧស្ម័នមេតាន) និងទីលានចាក់សំរាមមួយទៀតនៅ Tangerang ដែលបានបំផ្លាញផ្ទៃដីប្រហែល ៨០% នៃផ្ទៃដីសរុប ៣៥ ហិកតា។
លោក Rizal Irawan អនុប្រធានផ្នែកអនុវត្តច្បាប់បរិស្ថាននៃក្រសួងបរិស្ថាន និងព្រៃឈើឥណ្ឌូនេស៊ី បានបញ្ជាក់ថា ការស៊ើបអង្កេតលើមូលហេតុនៃការឆេះនៅទីលាន Jatiwaringin នឹងត្រូវធ្វើឡើងបន្ទាប់ពីភ្លើងត្រូវបានពន្លត់ទាំងស្រុង។ ក្រៅពីនេះ ក្រសួងគ្រោងនឹងចុះវាយតម្លៃទីលានចាក់សំរាមចំនួន ៣៩០ កន្លែងនៅទូទាំងប្រទេស នៅដើមខែសីហា ឆ្នាំ2026 នេះ។ គួរដឹងថា ទីលានចាក់សំរាម Jatiwaringin ធ្លាប់បានទទួលទណ្ឌកម្មរដ្ឋបាលពីក្រសួងរួចម្តងមកហើយកាលពីឆ្នាំ ២០២៥ ដោយសារតែការគ្រប់គ្រងមិនបានល្អ។
ដើម្បីទប់ស្កាត់បញ្ហានេះ ក្រសួងបានណែនាំឱ្យរដ្ឋាភិបាលក្នុងតំបន់ផ្លាស់ប្តូរមកអនុវត្តប្រព័ន្ធចាក់សំរាមបែបគ្រប់គ្រងខ្នាតស្តង់ដារវិញ ដោយត្រូវប្រើប្រាស់គ្រឿងចក្រធំៗដើម្បីកិនបង្ហាប់សំរាម និងគ្របដណ្ដប់ដោយស្រទាប់ដីឱ្យបានទៀងទាត់។ វិធានការនេះអាច កាត់បន្ថយហានិភ័យនៃអគ្គិភ័យដែលបង្កឡើងដោយឧស្ម័នមេតាន កាត់បន្ថយការរីករាលដាលនៃជំងឺតម្កាត់នានា និងកែលម្អសោភ័ណភាពនៃទីលានចាក់សំរាម មិនឱ្យប៉ះពាល់ដល់បរិស្ថានជុំវិញ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញ និងសកម្មជនបរិស្ថាននៅតែយល់ឃើញថា ដរាបណារដ្ឋាភិបាលមិនទាន់មានការប្ដេជ្ញាចិត្តពិតប្រាកដ និងម៉ឺងម៉ាត់ក្នុងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងកាកសំណល់ទេនោះ គ្រោះមហន្តរាយបែបនេះនឹងនៅតែបន្តកើតមាន។ លោក Wahyu បានសង្កត់ធ្ងន់ថា វិបត្តិនេះមិនអាចដោះស្រាយបានត្រឹមតែការឆ្លើយតបបន្ទាន់ ឬដំណោះស្រាយបណ្តោះអាសន្ននោះឡើយ។ បើគ្មានការកាត់បន្ថយកាកសំណល់ពីប្រភពដើម គ្មានការញែក និងការកែច្នៃកាកសំណល់សរីរាង្គត្រឹមត្រូវទេ នោះឧស្ម័នមេតាននឹងនៅតែបន្តផលិតនៅក្រោមដី ហើយវានឹងផ្ទុះឆេះម្តងទៀតនៅពេលអាកាសធាតុក្តៅ។ ដូចនេះ សូមត្រៀមខ្លួនសម្រាប់អគ្គិភ័យបន្ថែមទៀត បើសិនជាយើងមិនព្រមផ្លាស់ប្តូរទម្លាប់ចាប់ពីពេលនេះទៅ»។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC