[សហរដ្ឋអាមេរិក]៖ ក្រុមរដ្ឋអាជ្ញាសហព័ន្ធសហរដ្ឋអាមេរិក បានប្រកាសពីការចាប់ខ្លួនជនសង្ស័យចំនួន ២៤នាក់ នៅទូទាំងសហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុប ពីបទជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មរៀបចំឡើង ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌាចំនួនបី រួមទាំងក្រុមទំនើងដ៏ល្បីឈ្មោះ Bishnoi ផងដែរ។

ក្រុមជនសង្ស័យទាំងនេះ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មជាបន្តបន្ទាប់ រួមទាំងការរៀបចំផែនការធ្វើឃាតមេដឹកនាំសហគមន៍ស៊ីក គឺលោក Hardeep Singh Nijjar កាលពីឆ្នាំ២០២៣ នៅខាងក្រៅព្រះវិហារមួយក្នុងខេត្ត British Columbia ប្រទេសកាណាដា។ រដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុង Los Angeles បានបញ្ជាក់ថា ការចាប់ខ្លួននេះ គឺជាលទ្ធផលនៃការស៊ើបអង្កេតរួមគ្នារបស់អាជ្ញាធរសហព័ន្ធអស់រយៈពេលជាច្រើនឆ្នាំ ទៅលើក្រុមឧក្រិដ្ឋជនឥណ្ឌា ដែលបានធ្វើសកម្មភាពបាញ់សម្លាប់ ជំរិតទារប្រាក់ និងជួញដូរគ្រឿងញៀននៅជុំវិញពិភពលោក។

ជាសរុប មានជនជាប់ចោទចំនួន ៣៧នាក់ ត្រូវបានចោទប្រកាន់ជាផ្លូវការក្រោមកំណត់ហេតុចោទប្រកាន់ចំនួនបីដាច់ដោយឡែកពីគ្នា ដែលត្រូវបានបើកកកាយកាលពីថ្ងៃអង្គារកន្លងទៅនេះ។ លោក Bill Essayli ជំនួយការទីមួយនៃរដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថាក្រុមឧក្រិដ្ឋជនឆ្លងដែនដែលបានរីកសាយភាយការភ័យខ្លាច គ្រឿងញៀន និងអំពើហិង្សា នឹងត្រូវប្រឈមមុខចំពោះមុខច្បាប់យ៉ាងតឹងរ៉ឹងបំផុត និងទម្ងន់ទណ្ឌកម្មពេញទំហឹងពីរដ្ឋាភិបាលសហព័ន្ធ។ គ្មានកន្លែងសុវត្ថិភាពសម្រាប់ក្រុមបណ្ឌិតទាំងនេះឡើយ។

 លោក Nijjar អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងពាក់ម៉ាស់ពីរនាក់ បាញ់សម្លាប់នៅក្នុងរថយន្តរបស់លោក នាបរិវេណចំណតរថយន្តនៃព្រះវិហារ Guru Nanak Sikh Gurdwara ក្នុងទីក្រុង Surrey ដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Vancouver។ លោកគឺជាមេដឹកនាំចលនាបំបែកខ្លួនស៊ីកដ៏លេចធ្លោមួយរូប ដែលបានធ្វើយុទ្ធនាការជាសាធារណៈដើម្បីទាមទារបង្កើតរដ្ឋឯករាជ្យ Khalistan នៅក្នុងតំបន់ Punjab ប្រទេសឥណ្ឌា។

ព្រះរាជអាជ្ញាសហព័ន្ធបានចោទប្រកាន់លោក Lawrence Bishnoi អាយុ ៣៣ឆ្នាំ និងលោក Satinderjeet Goldy Brar អាយុ ៣២ឆ្នាំ ដែលអ្នកទាំងពីរមានដើមកំណើតមកពីតំបន់ Punjab ប្រទេសឥណ្ឌា ថាជាអ្នកបញ្ជាពីក្រោយខ្នងក្នុងការធ្វើឃាតលោក Nijjar (ដែលត្រូវបានព្រះរាជអាជ្ញាប្រើក្រមសម្ងាត់ហៅថា HSN)។ បច្ចុប្បន្ន លោក Brar កំពុងរត់គេចខ្លួននៅឡើយ ចំណែកឯ Bishnoi វិញ កំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ។

កាលពីឆ្នាំមុន ប្រទេសកាណាដាបានដាក់បញ្ចូលក្រុម Bishnoi ទៅក្នុងបញ្ជីខ្មៅនៃអង្គភាពភេរវករ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធមានសិទ្ធិរឹបអូសទ្រព្យសម្បត្តិ និងបង្កកគណនីហិរញ្ញវត្ថុរបស់ក្រុមនេះនៅក្នុងប្រទេស។ ដោយឡែក នៅក្នុងឆ្នាំ២០២៤ ជនជាតិឥណ្ឌា ៤នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ជុំវិញអំពើឃាតកម្មនេះ ដែលព្រឹត្តិការណ៍នោះបានបង្កឱ្យមានភាពរកាំរកូសផ្នែកការទូតយ៉ាងខ្លាំងរវាងកាណាដា និងឥណ្ឌា ហើយបច្ចុប្បន្នពួកគេកំពុងរង់ចាំការជំនុំជម្រះក្តី។ ជាមួយគ្នានេះ ក្រុមរដ្ឋអាជ្ញាក៏បានទម្លាយបន្ថែមថា សមាជិកក្រុម Bishnoi បានកំណត់គោលដៅវាយប្រហារលើមេដឹកនាំសាសនា និងអ្នកនយោបាយល្បីៗជាច្រើនរូប ដោយប្រើប្រាស់អំពើហិង្សា និងបានព្យាយាមជំរិតទារប្រាក់ពីសមាជិកនៅក្នុងសហគមន៍ផងដែរ។

តាមការចោទប្រកាន់ បុគ្គលឈ្មោះ Bishnoi, Brar និងបក្ខពួក បានព្យាយាមជំរិតទារប្រាក់ពីជនរងគ្រោះនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយកាលពីចន្លោះខែធ្នូ និងខែមករា ពួកគេបានគំរាមកំហែងទារប្រាក់រហូតដល់ ៥លានដុល្លារពីជនរងគ្រោះម្នាក់។

ក្នុងប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃអង្គារ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន សារធាតុញៀនកូកាអ៊ីន ប្រហែល ១,០០០គីឡូក្រាម ហេរ៉ូអ៊ីន ១គីឡូក្រាម សាច់ប្រាក់ចំនួន ៤០,០០០ដុល្លារ និងអាវុធវែងខ្លីរាប់សិបដើម ដែលជាផ្នែកមួយនៃវត្ថុតាងស៊ើបអង្កេត។ ប្រតិបត្តិការដ៏ធំនេះ មានការចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធពីសំណាក់ទីភ្នាក់ងារ FBI, ប៉ូលីសក្រុង Los Angeles ប៉ូលីសជិះសេះភូមិន្ទកាណាដា ព្រមទាំងមន្ត្រីគយ និងការពារព្រំដែនរបស់សហរដ្ឋអាមេរិកផងដែរ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC