[រ៉យទ័រ]៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) នៅថ្ងៃអង្គារនេះ បានចេញផ្សាយអត្ថបទអត្ថាធិប្បាយមួយ ដោយរិះគន់យ៉ាងខ្លាំងក្លាចំពោះការពង្រីកឥទ្ធិពលយោធារបស់ប្រទេសជប៉ុន។ ទីក្រុងព្យុងយ៉ាងបានសង្កត់ធ្ងន់ថា ផែនការឈ្លានពានក្រៅប្រទេសរបស់ទីក្រុងតូក្យូ មិនមែនជាសម្មតិកម្មនោះទេ ប៉ុន្តែវាជាការពិតជាក់ស្តែង។

នៅក្នុងអត្ថបទនោះ KCNA បានលើកឡើងពីគម្រោងរបស់ជប៉ុនក្នុងការអភិវឌ្ឍនាវាមុជទឹកគ្មានមនុស្សបើក ដែលមានសមត្ថភាពវាយប្រហារលើនាវាចម្បាំងដទៃ។ នាវាមុជទឹកប្រភេទនេះអាចផ្ទុកគ្រាប់កាំជ្រួច Torpedo និងមីនក្នុងទឹក ហើយគ្រោងនឹងដាក់ពង្រាយនៅជិតឆ្នេរសមុទ្រនៃប្រទេសជិតខាង ដែលអនុញ្ញាតឱ្យជប៉ុនអាចបើកការវាយប្រហារមុន លើនាវាសត្រូវក្នុងករណីមានជម្លោះ។ កូរ៉េខាងជើងបានចោទប្រកាន់ទីក្រុងតូក្យូថា បានបោះបង់ចោលគោលនយោបាយការពារជាតិសុទ្ធសាធ ដែលខ្លួនធ្លាប់ប្រកាន់ខ្ជាប់ជាយូរមកហើយ ហើយកំពុងប្រែក្លាយកងទ័ពរបស់ខ្លួនទៅជាកម្លាំងវាយលុក និងឈ្លានពានយ៉ាងខ្លាំងក្លាវិញ។

លើសពីនេះ KCNA ក៏បានចង្អុលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងនានារបស់ជប៉ុន រួមមាន ការផលិតកាំជ្រួចស្វ័យការពាររយៈចម្ងាយឆ្ងាយ។ ការត្រៀមដាក់ពង្រាយមីស៊ីលបាលីស្ទីកជំនាន់ថ្មី ដែលមានសមត្ថភាពបាញ់បានចម្ងាយរហូតដល់ ៣,០០០ គីឡូអូម៉ែត្រ (១,៨៦៤ ម៉ាយល៍) និងការដាក់ពង្រាយមីស៊ីលប្រឆាំងនាវា និងអាវុធល្បឿនលឿនជាងសំឡេង។

ការទិញមីស៊ីលទំនើបៗពីបរទេស រួមទាំងមីស៊ីលគ្រូស Tomahawk របស់សហរដ្ឋអាមេរិកផងដែរ។ រហូតមកទល់ពេលនេះ ក្រសួងការបរទេសជប៉ុនមិនទាន់មានការឆ្លើយតបណាមួយ ចំពោះការសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនៅឡើយទេ។ ការរិះគន់របស់កូរ៉េខាងជើងធ្វើឡើង ចំពេលដែលខ្លួនខ្លួនឯងក៏កំពុងបង្កើនល្បឿនយ៉ាងខ្លាំងក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹក។ កាលពីថ្ងៃអាទិត្យកន្លងទៅ KCNA បានរាយការណ៍ថា មេដឹកនាំ លោក គីម ជុងអ៊ុន បានអញ្ជើញទៅពិនិត្យមើលការបាញ់បង្ហោះមីស៊ីលគ្រូសយុទ្ធសាស្ត្រ និងការធ្វើតេស្តប្រព័ន្ធអាវុធនៅលើនាវាពិឃាតថ្មី Kang Kon ដែលមានទម្ងន់ ៥,០០០ តោន។ លោក គីម បានអំពាវនាវឱ្យមានការពង្រីកសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងទឹកបន្ថែមទៀត និងបានបញ្ជាឱ្យនាវាពិឃាតថ្មីនេះ ចូលបម្រើការក្នុងជួរកងទ័ពក្នុងរយៈពេលពីរខែខាងមុខ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះកូរ៉េខាងជើងទើបតែបានដាក់ឱ្យដំណើរការនាវាពិឃាតទម្ងន់ ៥,០០០ តោនមួយគ្រឿងទៀតឈ្មោះ Choe Hyon និងបានប្រកាសពីផែនការសាងសង់នាវាចម្បាំងបន្ថែមជាច្រើនគ្រឿងទៀត រួមទាំងនាវាចម្បាំងខ្នាតធំដែលមានទម្ងន់រហូតដល់ ១០,០០០ តោនផងដែរ។

 

 

 

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters