[ទីក្រុងវ៉ាស៊ីនតោន]៖ កងកម្លាំងឆ្មាំបដិវត្តន៍អុីរ៉ង់បានបាញ់មីស៊ីលយ៉ាងហោចណាស់ពីរគ្រាប់ ទៅលើនាវាពាណិជ្ជកម្មដែលកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស កាលពីយប់ថ្ងៃចន្ទ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Axios ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីររូប។ របាយការណ៍បានបញ្ជាក់ថា នាវាពាណិជ្ជកម្មចំនួនពីរគ្រឿងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ ឬរបួសនោះទេ។ ភ្លាមៗនេះ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក មិនទាន់បានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មាន Reutersនៅឡើយទេ។
ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មផ្លូវសមុទ្រចក្រភពអង់គ្លេស បានរាយការណ៍នៅព្រឹកថ្ងៃអង្គារថា នាវាដឹកប្រេងមួយគ្រឿងបានរងការវាយប្រហារដោយគ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ ចំផ្នែកខាងឆ្វេង ខណៈកំពុងធ្វើដំណើរទៅទិសខាងត្បូង ចម្ងាយប្រហែល ៨ ម៉ាយសមុទ្រ (១៥ គីឡូម៉ែត្រ) ពីភាគខាងកើតទីក្រុង Limah ប្រទេសអូម៉ង់។ ការវាយប្រហារនេះបានបង្កជាអគ្គិភ័យ ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួស ឬប៉ះពាល់ដល់បរិស្ថានឡើយ។

យោងតាមសារព័ត៌មាន The Wall Street Journal (WSJ) នាវាមួយក្នុងចំណោមនាវាដែលរងការវាយប្រហារ ត្រូវបានគេស្គាល់ថាជា Al Rekayyat ដែលជានាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) របស់ក្រុមហ៊ុន Nakilat (ប្រទេសកាតា)។ នាវានេះត្រូវបានវាយប្រហារចំផ្នែកខាងលើនៃបន្ទប់ម៉ាស៊ីន នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់ ក្បែរមាត់ច្រកសមុទ្រ។ តាមខ្សែអាត់សំឡេងដែល WSJ ទទួលបាន ក្រុមនាវិកបានរាយការណ៍ថា បន្ទប់ម៉ាស៊ីនកំពុងឆេះ និងពោរពេញដោយផ្សែង។ មិនទាន់អាចវាយតម្លៃការខូចខាតបន្ថែមបានទេ ប៉ុន្តែក្រុមនាវិកទាំងអស់មានសុវត្ថិភាព និងបានជម្លៀសទៅជុំគ្នានៅផ្នែកខាងស្តាំនៃនាវា។
យោងតាម WSJ ក៏បានទម្លាយខ្សែអាត់សំឡេងព្រមានតាមវិទ្យុទាក់ទងសមុទ្រ ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ទៅកាន់នាវានានាកាលពីចុងសប្តាហ៍មុនផងដែរថា មីស៊ីល និងដ្រូនរបស់យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបាញ់សំដៅទៅអ្នក។
ការវាយប្រហារនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីការចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ចប់កាលពីសប្តាហ៍មុន ដោយគ្មានសញ្ញានៃវឌ្ឍនភាពឆ្ពោះទៅរកសន្តិភាពឡើយ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ដើម្បីបើកផ្លូវឱ្យការទូតក៏ដោយ។ ភាពតានតឹងកាន់តែឡើងកម្តៅខ្លាំង ក្រោយការវាយប្រហារគ្នាទៅវិញទៅមកជាបន្តបន្ទាប់រវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ព្រមទាំងការរៀបចំពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមេនី។ កាលពីថ្ងៃចន្ទ ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានជាថ្មីថា សហរដ្ឋអាមេរិកនឹងឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ បើមិនដូច្នោះទេ នឹងបញ្ចប់ការងារ តាមរយៈសកម្មភាពយោធា។
បច្ចុប្បន្ន ក្រុមវិនិយោគិនកំពុងតាមដានយ៉ាងដិតដល់លើស្ថានភាពចរចារវាងអាមេរិក និងអ៊ីរ៉ង់ ក៏ដូចជាសុវត្ថិភាពនៃការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់សម្រាប់ការនាំចេញប្រេងសកល។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Awani International