យោធាចិនបានបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង ឆ្ពោះទៅកាន់ដែនទឹកអន្តរជាតិនៃតំបន់ប៉ាស៉ីហ្វិកនៅថ្ងៃចន្ទនេះ។ សកម្មភាពនេះបានទាញការរិះគន់ និងបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រទេសជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ ចំពោះការពង្រីកឥទ្ធិពលយោធារបស់ទីក្រុងប៉េកាំង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួរ (Xinhua) បានចុះផ្សាយថា នាវាមុជទឹកនុយក្លេអ៊ែររបស់កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន បានបាញ់មីស៊ីលដែលផ្ទុកក្បាលគ្រាប់នេះ នៅវេលាម៉ោង ១២:០១ នាទីថ្ងៃត្រង់ (ត្រូវនឹងម៉ោង ០៤:០១ នាទី GMT)។ មីស៊ីលនេះបានធ្លាក់ចូលទៅក្នុង ដែនទឹកដែលបានកំណត់ ប៉ុន្តែមិនមានការផ្តល់ព័ត៌មានលម្អិតអំពីទីតាំងពិតប្រាកដនោះទេ។ ស៊ីនហួរ បានពណ៌នាការបាញ់បង្ហោះនេះថាជា ការរៀបចំផែនការបណ្ដុះបណ្ដាលផ្នែកយោធាប្រចាំឆ្នាំធម្មតារបស់ប្រទេសចិន និងបានបញ្ជាក់ថា វាមិនត្រូវបានតម្រង់ទិសដៅប្រឆាំងនឹងប្រទេស ឬគោលដៅជាក់លាក់ណាមួយឡើយ។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានី Suva នៃប្រទេសហ្វីជីថា ទោះបីជាចិនបានជូនដំណឹងជាមុនដល់រដ្ឋាភិបាលអូស្ត្រាលីអំពីការធ្វើតេស្តនេះក៏ដោយ ប៉ុន្តែលោកស្រីបានចាត់ទុកសកម្មភាពនេះថាជា ការធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព តំបន់។ លោកស្រីបានសង្កត់ធ្ងន់ថា ការធ្វើតេស្តនេះ ស្ថិតក្នុងបរិcontext នៃការកសាងកម្លាំងយោធាយ៉ាងរហ័សរបស់ចិន ដែលខ្វះតម្លាភាព និងខ្វះការធានាឡើងវិញនូវភាពច្បាស់លាស់អំពីចេតនាពិតប្រាកដ ដែលតំបន់ទាំងមូលរំពឹងចង់បាន។

ជម្រាបថា ការធ្វើតេស្តរបស់ចិននេះ កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអូស្ត្រាលី និងហ្វីជី បានចុះហត្ថលេខាលើសម្ព័ន្ធភាពការពារជាតិដ៏សំខាន់មួយ កាលពីថ្ងៃចន្ទ ដោយប្តេជ្ញាជួយគ្នាទៅវិញទៅមកក្នុងករណីមានការវាយប្រហារ។ លោក Mark Douglas អ្នកវិភាគនៃក្រុមហ៊ុនតាមដាននាវាចរណ៍នូវែលសេឡង់ Starboard Maritime Intelligence បានកត់សម្គាល់ថា ទោះបីជាការសាកល្បងនេះត្រូវបានគ្រោងទុកជាមុនក៏ដោយ ប៉ុន្តែ «ពេលវេលានៃការជូនដំណឹងរបស់ចិនបន្ទាប់ពីអូស្ត្រាលី និងហ្វីជី ចុះហត្ថលេខាលើសម្ព័ន្ធភាពសន្តិភាពមហាសមុទ្រគឺជារឿងគួរឱ្យចាប់អារម្មណ៍ខ្លាំង»

រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយលើកឡើងថា ប្រទេសលោកទទួលបានការជូនដំណឹងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនការបាញ់បង្ហោះ។ លោកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា នូវែលសេឡង់ចាត់ទុកសកម្មភាពនេះថាជាការអភិវឌ្ឍដែលមិនត្រូវបានស្វាគមន៍ និងគួរឱ្យព្រួយបារម្ភ។ យើង ក៏ដូចជាប្រទេសជិតខាងដទៃទៀតក្នុងតំបន់ប៉ាស៊ីហ្វិក មិនមានបំណងចង់ឃើញចិន ប្រើប្រាស់តំបន់ប៉ាស៊ីហ្វិកខាងត្បូងធ្វើជាកន្លែងធ្វើតេស្តសមត្ថភាពមីស៊ីលនោះទេ។

រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ខ្លួនបានទទួលការជូនដំណឹង និងបានជំរុញឱ្យចិនពិចារណាឡើងវិញនូវសកម្មភាពយោធារបស់ខ្លួន។ ទីក្រុងតូក្យូបានបញ្ជាក់ថា អាជ្ញាធរចិនបានជូនដំណឹងដល់ឆ្មាំឆ្នេរសមុទ្រជប៉ុនកាលពីថ្ងៃអាទិត្យ អំពីលទ្ធភាពដែលមានកម្ទេចកម្ទីអវកាសធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។

ទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលជប៉ុនថា មីស៊ីលនោះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ជប៉ុន។ វាជារឿងកម្រណាស់ដែលប្រទេសចិនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចូលទៅក្នុងសមុទ្របែបនេះ។ កាលពីឆ្នាំ ២០២៤ ចិនក៏ធ្លាប់បានធ្វើតេស្តមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ម្តងរួចមកហើយ ដែលបង្ហាញពីសមត្ថភាពយោធាកាន់តែកើនឡើងរបស់ខ្លួន។

ការសាកល្បងចុងក្រោយនេះ ធ្វើឡើងស្របពេលដែលទីក្រុងប៉េកាំងកំពុងបង្កើនសកម្មភាពយោធានៅទូទាំងតំបន់។ មន្ត្រីសន្តិសុខជាន់ខ្ពស់តៃវ៉ាន់ម្នាក់បានទម្លាយនៅថ្ងៃចន្ទនេះថា តៃវ៉ាន់កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះ និន្នាការកើនឡើង នៃចលនាកងទ័ពជើងទឹកចិន ក្នុងអំឡុងរដូវកាលសមយុទ្ធយោធាកំពូលនេះ រួមទាំងការធ្វើសមយុទ្ធរួមគ្នារវាងចិន និងរុស្ស៊ីផងដែរ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters