[ប្រទេសបារាំង]៖ គ្រោះអគ្គិភ័យឆេះព្រៃយ៉ាងសន្ធោសន្ធៅ និងមិនទាន់អាចគ្រប់គ្រងបាននៅភាគនិរតីនៃប្រទេសបារាំង បានបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាពលរដ្ឋប្រមាណ ១០,០០០ នាក់ ចេញពីទីប្រជុំជន និងភូមិតូចៗចំនួន ២៤ (ពីរដប់) នៅជិតព្រំដែនប្រទេសអេស្ប៉ាញ។ មន្ត្រីជំនាញបានព្រមានថា ខ្យល់បក់បោកខ្លាំងនៅថ្ងៃចន្ទនេះ នឹងកាន់តែជម្រុញឱ្យភ្លើងឆេះរាលដាលខ្លាំងជាងមុន។

គិតមកទល់ពេលនេះ ភ្លើងបានឆាបឆេះបំផ្លាញផ្ទៃដីអស់ប្រមាណ ៤,៦០០ ហិកតា នៅតំបន់ជើងភ្នំ Pyrenees របស់បារាំង។ លោក Pierre Regnault de la Mothe អភិបាលតំបន់ បានគូសបញ្ជាក់តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម X ថា ស្ថានភាពនៅព្រឹកនេះបានត្រឡប់មកកាន់តែយ៉ាប់យ៉ឺនជាថ្មីម្តងទៀត។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nunez ក៏បានព្រមានតាមរយៈស្ថានីយ៍ទូរទស្សន៍បារាំង TF1 ដែរថា នៅថ្ងៃនេះ សមរភូមិប្រយុទ្ធនឹងល្បឿនភ្លើងត្រូវចាប់ផ្តើមឡើងវិញហើយ។

រលកកម្តៅដែលបានកើតឡើងតាំងពីដើមរដូវក្តៅនៅប្រទេសបារាំង ក៏ដូចជានៅទូទាំងតំបន់អឺរ៉ុបខាងលិច អំឡុងខែឧសភា និងខែមិថុនា បានធ្វើឱ្យដីធ្លី និងព្រៃឈើជាច្រើនកន្លែងស្ងួតហួតហែង ដែលជាកត្តាងាយរងគ្រោះបំផុតក្នុងការបង្កជាភ្លើងឆេះព្រៃនៅឆ្នាំនេះ។

បច្ចុប្បន្ន អណ្តាតភ្លើងដែលកំពុងឆាបឆេះនៅតំបន់ Trevillach កំពុងគំរាមកំហែងដល់តំបន់ដែលជាខ្សែបន្ទាត់ប្រកួតដំណាក់កាលទីបីនៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក Tour de France។ ដើម្បីសម្រួលដល់កិច្ចការងារនេះ អាជ្ញាធរមូលដ្ឋានបានសម្រេចបិទផ្លូវមិនឱ្យសាធារណជនធ្វើដំណើរ ដើម្បីបើកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់អាចចូលទៅអន្តរាគមន៍បានងាយស្រួល។ ទោះបីជាការប្រកួតកង់នៅតែបន្តដំណើរការ ប៉ុន្តែក្បួនរថយន្តរបស់ក្រុមការងារដែលធ្វើដំណើរតាមពីក្រោយ នឹងត្រូវកាត់បន្ថយមកត្រឹមកម្រិតអប្បបរមា (តិចបំផុត)។

ដោយឡែក នៅម្ខាងទៀតនៃព្រំដែនក្នុងប្រទេសអេស្ប៉ាញ ភ្លើងឆេះព្រៃបានបំផ្លាញផ្ទៃដីអស់ប្រមាណ ២,២០០ ហិកតា ដោយក្នុងនោះ ៩៧% ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ Les Gavarres។ ទោះជាយ៉ាងណា អាជ្ញាធរតំបន់កាតាឡូនី បានប្រកាសកាលពីយប់ថ្ងៃសៅរ៍ថា ស្ថានភាពភ្លើងឆេះនៅទីនោះបានថយចុះស្ថិរភាពហើយ ហើយរំពឹងថានឹងអាចពន្លត់បានទាំងស្រុងនៅក្នុងសប្តាហ៍នេះ។

ជុំវិញករណីនេះ កម្លាំងប៉ូលីសបានចាប់ខ្លួនបុគ្គលិកម្នាក់នៃក្រុមហ៊ុនម៉ៅការរបស់រដ្ឋាភិបាលក្នុងតំបន់ Catalonia ក្រោមការសង្ស័យថា បានបង្កឱ្យមានភ្លើងឆេះព្រៃនេះឡើងជាអចេតនា ដោយសារការប្រើប្រាស់ម៉ាស៊ីនកាត់ដែក នៅក្បែរចិញ្ចើមផ្លូវ។ បន្ថែមពីលើនេះ នៅភាគខាងត្បូងតំបន់ Catalonia ត្រង់ខេត្ត Castellon ភាគខាងកើត ប្រជាពលរដ្ឋប្រមាណ ៥០០ នាក់ ត្រូវបានជម្លៀសចេញពីតំបន់គ្រោះថ្នាក់ ខណៈដែលភ្លើងឆេះព្រៃកំពុងរាលដាលចូលទៅក្នុងឧទ្យានជាតិ Sierra de Espadan ដែលជាតំបន់ព្រៃឈើអុកខក ដ៏សំខាន់មួយរបស់ប្រទេស។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters