ក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូង SK Hynix គ្រោងចាប់ផ្តើមដំណើរការបោះលក់ភាគហ៊ុនក្នុងទម្រង់បង្កាន់ដៃតម្កល់ (American Depositary Receipts - ADRs) នៅផ្សារហ៊ុន Nasdaq សហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែកក្កដា ដោយមានតម្លៃសរុបប្រមាណ ២៨ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមឯកសារដាក់ជូននិយ័តករ ដែលត្រូវបាន Reuters ចេញផ្សាយ។
ការបោះលក់នេះ ត្រូវបានចាត់ទុកថាជាការបោះលក់ភាគហ៊ុនដ៏ធំបំផុតមួយនៅលើពិភពលោក ខណៈក្រុមហ៊ុនកំពុងទាញយកអត្ថប្រយោជន៍ពីការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ តាមផែនការ SK Hynix នឹងបោះលក់ ១៧,៧៩លាន ADRs ដោយ ADRs ចំនួន ១០ ស្មើនឹងភាគហ៊ុនធម្មតា ១។ ជួរតម្លៃលក់នឹងត្រូវប្រកាសនៅថ្ងៃចន្ទនេះ ដោយផ្អែកលើតម្លៃភាគហ៊ុនដែលកំពុងជួញដូរនៅផ្សារហ៊ុនទីក្រុងសេអ៊ូល។
ភាគហ៊ុន SK Hynix បានកើនឡើងប្រហែល ២៧៣% ក្នុងឆ្នាំនេះ ខណៈការវិនិយោគលើក្រុមហ៊ុនពាក់ព័ន្ធនឹង AI កំពុងមានសន្ទុះខ្លាំង។ នៅព្រឹកថ្ងៃចន្ទ សន្ទស្សន៍KOSPI របស់កូរ៉េខាងត្បូង ក៏បានកើនឡើង ០,២% ផងដែរ។ SK Hynix ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនមួយដែលទទួលបានផលប្រយោជន៍ច្រើនបំផុតពីការរីកចម្រើននៃ AI ដោយមានសមិទ្ធផលល្អជាងគូប្រជែងសំខាន់ៗដូចជា Samsung Electronics និង Micron។ តម្លៃចុងក្រោយនៃការបោះលក់ភាគហ៊ុននៅទីក្រុងញូវយ៉ក នឹងត្រូវកំណត់នៅថ្ងៃព្រហស្បតិ៍ មុនពេលភាគហ៊ុនចាប់ផ្តើមជួញដូរជាផ្លូវការនៅថ្ងៃសុក្រ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនក៏នឹងជួបវិនិយោគិនអន្តរជាតិក្នុងដំណើរបង្ហាញសក្តានុពល (Roadshow) ពេញមួយសប្តាហ៍ផងដែរ។ ប្រសិនបើការបោះលក់នេះទទួលបានជោគជ័យ វានឹងក្លាយជាការបោះលក់ភាគហ៊ុនធំបំផុតលំដាប់ទី២ ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីការបោះលក់ភាគហ៊ុនរបស់SpaceX ដែលមានតម្លៃ ៨៥,៧ ពាន់លានដុល្លារកាលពីខែមុន ហើយធំជាងការបោះលក់ភាគហ៊ុនរបស់ Saudi Aramcoដែលមានតម្លៃ២៥,៦ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ និងប្រហាក់ប្រហែលនឹងការបោះលក់របស់ Alibabaក្នុងឆ្នាំ២០១៤។
SK Hynix គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃបន្ទះឈីប High-Bandwidth Memory (HBM) ដែលត្រូវបានប្រើប្រាស់ក្នុងប្រព័ន្ធ AI សម្រាប់អតិថិជនធំៗ រួមមាន Nvidia និង Google។ កាលពីសប្តាហ៍មុន ក្រុមហ៊ុនក៏បានប្រកាសថា នឹងវិនិយោគ១០០ ទ្រីលានវ៉ុន (ប្រមាណ ៦៤,៣៨ ពាន់លានដុល្លារ) ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីៗ រួមទាំងរោងចក្រផលិតNAND Flash Memory ផងដែរ ដែលជាផ្នែកមួយនៃយុទ្ធនាការវិនិយោគដ៏ធំរបស់កូរ៉េខាងត្បូង ដើម្បីពង្រីកអត្ថប្រយោជន៍សេដ្ឋកិច្ចពីការរីកចម្រើននៃវិស័យ AI។
ប្រែសម្រួលដោយ៖ វី យៀក
ប្រភព៖ Reuters