[អូស្ត្រាលី]៖ ក្រុមហ៊ុនរុករករ៉ែធ្យូងថ្មនៅក្នុងប្រទេសនាំចេញឈានមុខគេ គឺអូស្ត្រាលី កំពុងប្រឈមមុខនឹងភាពលំបាកក្នុងការរក្សាតុល្យភាព រវាងឱកាសហក់ឡើងនៃតម្រូវការពីប្រទេសឥណ្ឌា និងប្រព័ន្ធពន្ធសួយសារអាករថ្មីក្នុងស្រុក ដែលពួកគេយល់ថាជាការរើសអើង និងរារាំងដល់ការវិនិយោគ។ ធ្យូងថ្មលោហធាតុ គឺជាវត្ថុធាតុដើមគុណភាពខ្ពស់សម្រាប់ផលិតដែកថែប។ ប្រទេសអូស្ត្រាលីគ្រប់គ្រងចំណែកទីផ្សារដឹកជញ្ជូនតាមសមុទ្រសកលប្រមាណពាក់កណ្តាល ដោយបាននាំចេញចំនួន ១៤៨,៤ លានតោនក្នុងឆ្នាំ ២០២៥។
តម្រូវការធ្យូងថ្មប្រភេទនេះត្រូវបានព្យាករណ៍ថានឹងកើនឡើងខ្លាំងក្នុងទសវត្សរ៍ខាងមុខ ខណៈដែលឥណ្ឌា (ដែលបច្ចុប្បន្នទិញប្រហែលមួយភាគបួននៃបរិមាណជួញដូរតាមសមុទ្រសកល) កំពុងជម្រុញការផលិតដែកថែបក្នុងស្រុកយ៉ាងគំហុក។ ទិន្នផលដែកថែបប្រចាំឆ្នាំរបស់ឥណ្ឌា ត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដង ដល់ប្រហែល ៤០០ លានតោននៅឆ្នាំ ២០៣៥ ពីចំនួន ១៦៣ លានតោននាពេលបច្ចុប្បន្ន ស្របពេលដែលប្រទេសអាស៊ីខាងត្បូងមួយនេះកំពុងធ្វើនគរូបនីយកម្ម និងអភិវឌ្ឍន៍ឧស្សាហកម្ម។

ទោះជាយ៉ាងណា បញ្ហារបស់ឥណ្ឌាគឺ ទោះបីជាខ្លួនមានទុនបម្រុងធ្យូងថ្មយ៉ាងច្រើនក្តី ប៉ុន្តែស្ទើរតែគ្មានធ្យូងថ្មណាដែលមានគុណភាពខ្ពស់គ្រប់គ្រាន់សម្រាប់ផលិតដែកថែបនោះទេ ពោលគឺមានតិចជាង ៥% នៃផលិតកម្មសរុបបច្ចុប្បន្នប៉ុណ្ណោះដែលអាចប្រើការបាន។ ម្យ៉ាងវិញទៀត ឥណ្ឌាគ្រោងនឹងប្រើប្រាស់វិធីសាស្ត្រឡដុតដែលប្រើប្រាស់ធ្យូងថ្មច្រើន ជំនួសឱ្យជម្រើសស្អាតជាង ប៉ុន្តែមានតម្លៃថ្លៃជាង ដូចជាការប្រើប្រាស់ឡដុតអគ្គិសនី។ កត្តានេះនឹងធ្វើឱ្យឥណ្ឌាកាន់តែពឹងផ្អែកលើធ្យូងថ្មនាំចូល ហើយមានប្រទេសតិចតួចណាស់ដែលអាចឆ្លើយតបនឹងតម្រូវការនេះបានល្អជាងអូស្ត្រាលី។
តម្លៃធ្យូងថ្មកូករបស់អូស្ត្រាលីមានភាពប្រែប្រួលខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគឺ ៦៣៥ ដុល្លារក្នុងមួយតោន ក្រោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ បន្ទាប់មក វិបត្តិអាកាសធាតុនៅក្នុងប្រទេសអូស្ត្រាលីបានរំខានដល់ការផ្គត់ផ្គង់ និងរុញតម្លៃឱ្យឡើងលើសពី ៣៥០ ដុល្លារក្នុងឆ្នាំ ២០២៣។
ទោះជាយ៉ាងណា តម្លៃបានចាប់ផ្តើមមានស្ថេរភាពឡើងវិញចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៤។ គិតត្រឹមថ្ងៃពុធកន្លងទៅ ទីផ្សារដោះដូរទំនិញសិង្ហបុរី បានបិទតម្លៃនៅ ២៤២ ដុល្លារក្នុងមួយតោន ដែលកើនឡើងពីកម្រិតទាបបំផុតក្នុងរយៈពេល ៤ ឆ្នាំគឺ ១៧៣,៥០ ដុល្លារកាលពីថ្ងៃទី ២៤ ខែមីនាឆ្នាំមុន។
តម្លៃបច្ចុប្បន្ននេះនៅតែផ្តល់ផលចំណេញខ្ពស់ដល់ការផលិត។ ក្រុមហ៊ុនយក្ស BHP Group ដែលជាអ្នកនាំចេញធ្យូងថ្មកូកធំជាងគេបំផុតក្នុងលោក បានឱ្យដឹងថា ថ្លៃដើមផលិតកម្មនៅអណ្តូងរ៉ែរដ្ឋ Queensland របស់ខ្លួន ស្ថិតនៅចន្លោះតែ ១១៦ ទៅ ១២៨ ដុល្លារប៉ុណ្ណោះក្នុងមួយតោន សម្រាប់ឆ្នាំសារពើពន្ធដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា។ ផ្អែកលើរបាយការណ៍ប្រតិបត្តិការ ៩ ខែ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ក្រុមហ៊ុន BHP ទទួលបានតម្លៃលក់ជាមធ្យម ២០០,១២ ដុល្លារក្នុងមួយតោន ដែលមានន័យថាក្រុមហ៊ុនអាចរកប្រាក់ចំណេញបានលើសពី ១០០ ដុល្លារក្នុងមួយតោនពីផលិតកម្មបច្ចុប្បន្ន។ បញ្ហាប្រឈមធំបំផុតសម្រាប់ក្រុមហ៊ុនរុករករ៉ែនាពេលនេះ គឺការដែលរដ្ឋាភិបាលរដ្ឋ Queensland បានដំឡើងអត្រាសួយសារអាករធ្យូងថ្មកាលពីខែកក្កដា ឆ្នាំ ២០២២ ដោយអនុវត្តតាមមាត្រដ្ឋានកើនឡើង ចាប់ពី ៧% (សម្រាប់តម្លៃប្រហែល ១០០ ដុល្លារ/តោន) រហូតដល់ ៤០% សម្រាប់តម្លៃដែលលើសពី ៣០០ ដុល្លារ។ ផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្ន ក្រុមហ៊ុនត្រូវបង់ពន្ធរហូតដល់ ២០% លើតម្លៃចន្លោះពី ១៧៥ ទៅ ២២៥ ដុល្លារ និង ៣០% លើតម្លៃដែលលើសពី ២២៥ ដុល្លារក្នុងមួយតោន។
ក្រុមហ៊ុន BHP និងក្រុមហ៊ុនរករ៉ែដទៃទៀតបានលើកឡើងថា អត្រាពន្ធដ៏ខ្ពស់នេះធ្វើឱ្យពួកគេពិបាកក្នុងការស្វែងរកហេតុផលគាំទ្រដល់ការវិនិយោគថ្មីៗ។ BHP បានប្រកាសថានឹងមិនបញ្ចេញកញ្ចប់ថវិកាបន្ថែមដើម្បីពង្រីកអណ្តូងរ៉ែនៅ Queensland ទៀតឡើយ ដែលនេះមានន័យថា អណ្តូងរ៉ែទាំងនោះនឹងឈានទៅរកដំណាក់កាល ធ្លាក់ចុះដោយមានការគ្រប់គ្រង ដោយគ្រាន់តែចំណាយទុនថែទាំធម្មតារហូតដល់អស់ធនធានរ៉ែ។
យោងតាមទិន្នន័យពីស្ថាប័នវិភាគទំនិញ DBX Commodities ឥណ្ឌាបាននាំចូលធ្យូងថ្មចំនួន ៨៣,១៧ លានតោនក្នុងឆ្នាំ ២០២៥ កើនឡើងពី ៧៤,៥៥ លានតោនក្នុងឆ្នាំ ២០២៤។ ប្រសិនបើឥណ្ឌាបន្តពង្រីកការផលិតដែកថែបចំនួន ២០ លានតោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ ពួកគេនឹងត្រូវការធ្យូងថ្មកូកបន្ថែមប្រហែល ១៥ លានតោនជារៀងរាល់ឆ្នាំ ដែលភាគច្រើនត្រូវពឹងផ្អែកលើការនាំចូល។
ការកើនឡើងតម្រូវការដ៏គំហុកនេះ នឹងដាក់សម្ពាធយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ធ្យូងថ្មលោហធាតុកម្រិតសកល ទោះបីជាអ្នកទិញធំៗផ្សេងទៀតដូចជា ចិន និងជប៉ុន កាត់បន្ថយការប្រើប្រាស់ដោយងាកទៅរកបច្ចេកវិទ្យាផលិតដែកថែបបៃតង ក៏ដោយ។ ស្ថានភាពនេះបានទុកឱ្យក្រុមហ៊ុនរករ៉ែដូចជា BHP ស្ថិតក្នុងជម្រើសពីរគឺ សុខចិត្តទទួលយកការបង់ពន្ធខ្ពស់ក្នុងស្រុក ប៉ុន្តែបន្តប្រមូលផលចំណេញក្រាស់ក្រែលពីការហក់ឡើងនៃតម្លៃធ្យូងថ្មនាពេលអនាគត។ ការលក់អាជីវកម្មអណ្តូងរ៉ែទាំងនោះទៅឱ្យក្រុមហ៊ុនផ្សេងទៀត ដែលមើលឃើញឱកាសវែងឆ្ងាយពីកំណើនតម្រូវការដ៏ធំរបស់ប្រទេសឥណ្ឌា។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters