[ទីក្រុងអាក្រា]៖ មនុស្សយ៉ាងហោចណាស់ ១៣នាក់បានបាត់បង់ជីវិតនៅក្នុងទីក្រុងអាក្រា ដែលជារដ្ឋធានីរបស់ប្រទេសហ្គាណា បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុក បណ្តាលឱ្យមានទឹកជំនន់ជន់លិចយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការបញ្ជាក់ពីសេវាពត់ពន្លត់អគ្គីភ័យជាតិ ដែលបានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ។

រដ្ឋាភិបាលបានជម្រុញឱ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ឬផ្លាស់ទីទៅកាន់ទីទួលខ្ពស់ ខណៈដែលទីភ្នាក់ងារឧតុនិយមបានព្រមានថា ភ្លៀងនឹងបន្តធ្លាក់បន្ថែមទៀត ដោយសារមានព្យុះធំមួយកំពុងធ្វើដំណើរមកជិតពីភាគខាងកើត។ ទោះបីជាទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់តាំងពីយប់ថ្ងៃអាទិត្យបានចាប់ផ្តើមស្រកចុះបន្តិចម្តងៗក៏ដោយ ប៉ុន្តែសេវាពន្លត់អគ្គីភ័យជាតិហ្គាណាបានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ខណៈដែលប្រតិបត្តិការស្វែងរក និងស្តារឡើងវិញកំពុងបន្តធ្វើឡើង។ តំបន់ទំនាបរងការខូចខាតធ្ងន់ធ្ងរជាងគេ។ វីដេអូនៅលើបណ្តាញសង្គមបានបង្ហាញពីទិដ្ឋភាពផ្ទះសម្បែង និងយានយន្តជាច្រើនត្រូវបានលិចលង់ ព្រមទាំងមានអគារមួយចំនួនត្រូវបានបំផ្លាញ។

ក្រុមឆ្លើយតបបន្ទាន់ រួមមាន ប៉ូលីស ទាហាន ភ្នាក់ងារពន្លត់អគ្គីភ័យ និងអង្គការគ្រប់គ្រងគ្រោះមហន្តរាយជាតិ ត្រូវបានដាក់ពង្រាយដើម្បីតាមដានស្ថានការណ៍ និងការពារអាយុជីវិតព្រមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ មកទល់ពេលនេះ អាជ្ញាធរបានជួយសង្គ្រោះមនុស្សបានជាង ៤៧០នាក់ហើយ។ ក្រៅពីនេះ ជំនន់ទឹកភ្លៀងក៏បានបង្កឱ្យមានគ្រោះអគ្គិភ័យដ៏ធំមួយនៅរោងចក្រកៅស៊ូក្នុងទីក្រុងផងដែរ។ សេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីបាននិយាយថា សូមស្នាក់នៅក្នុងផ្ទះ ប្រសិនបើអ្នកស្ថិតនៅក្នុងទីតាំងដែលមានសុវត្ថិភាព។ កុំព្យាយាមឆ្លងកាត់ផ្លូវដែលកំពុងលិចទឹក មិនថាដោយដើរ ឬបើកបរយានជំនិះឡើយ។ ប្រសិនបើផ្ទះរបស់អ្នកកំពុងលិចទឹក សូមផ្លាស់ទីភ្លាមៗទៅកាន់ទីទួលខ្ពស់។

លោក Mahama (មន្ត្រីពាក់ព័ន្ធ) បានសរសេរនៅលើបណ្តាញសង្គម X ថា ទិន្នន័យបឋមបង្ហាញថាមានកម្រិតទឹកភ្លៀងធ្លាក់រហូតដល់ ១៤០ មីលីម៉ែត្រ មកលើទីក្រុងអាក្រា។ លោកបានប្រៀបធៀបថា កាលពីឆ្នាំមុន ភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងមួយថ្ងៃមានត្រឹមតែ៥៦ មីលីម៉ែត្រប៉ុណ្ណោះ ដែលការកើនឡើងយ៉ាងគំហុកនេះគឺជាសញ្ញាចង្អុលបង្ហាញពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ ជាងនេះទៅទៀត ទីភ្នាក់ងារឧតុនិយមបានព្រមានថា ភ្លៀងនឹងបន្តធ្លាក់នៅផ្នែកខ្លះនៃភាគខាងត្បូងប្រទេស រួមទាំងទីក្រុងអាក្រា ចាប់ពីព្រឹកថ្ងៃអង្គាររហូតដល់រសៀល ដែលធ្វើឱ្យហានិភ័យនៃទឹកជំនន់កាន់តែខ្ពស់។

ទីក្រុងអាក្រា គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលរីកលូតលាស់លឿនបំផុតនៅទ្វីបអាហ្វ្រិក ដោយមានប្រជាជនរស់នៅជាង ៤លាននាក់ (យោងតាម WHO)។ នៅក្នុងគ្រោះមហន្តរាយនេះ ប្រជាពលរដ្ឋជាច្រើនបានជាប់គាំងនៅក្នុងផ្ទះ។ លោក Philip Mensah អ្នកស្រុកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ទាំងសោកស្តាយថា ផ្ទះរបស់លោកត្រូវបានជន់លិច ហើយការប្រមូលផ្ដុំថាសចម្រៀងវីនីល តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ របស់លោកត្រូវលិចលង់ក្នុងទឹកទាំងស្រុង។

កញ្ញា Patience Naa Adjeley Adjei ដែលជាគ្រូបង្រៀន បានរៀបរាប់ថា នាងបានចំណាយពេលជាច្រើនម៉ោងជជែកទឹកចេញពីបន្ទប់ ខ្ញុំប៉ះប៉ោតដងទឹកចេញពីបន្ទប់ជាង ៨ដងហើយខ្ញុំមិនអាចចេញទៅក្រៅបានទេ ព្រោះទាំងក្នុងបន្ទប់ និងខាងក្រៅសុទ្ធតែទឹកទាំងអស់។ នាងក៏បានក្រើនរំលឹកអ្នកដទៃឱ្យប្រុងប្រយ័ត្ន កុំជ្រកក្រោមដើមឈើ ជៀសវាងខ្សែភ្លើងដែលធ្លាក់រលុង និងកុំដើរឆ្លងកាត់ទឹកជំនន់។ 

ដើម្បីសុវត្ថិភាព ក្រុមហ៊ុនអគ្គិសនីហ្គាណា (GRIDCo និង ECG) បានសម្រេចចិត្តបិទការផ្គត់ផ្គង់ថាមពលជាបណ្តោះអាសន្ននៅក្នុងតំបន់រងគ្រោះ ដោយសារទឹកជំនន់បានលិចលង់ស្ថានីយរងជាច្រើន ដែលអាចបង្កគ្រោះថ្នាក់ខ្លាំងដល់ឧបករណ៍ និងបុគ្គលិកបច្ចេកទេស។ បញ្ហាទឹកជំនន់ដ៏រ៉ាំរ៉ៃនៅទីក្រុងអាក្រា គឺបណ្តាលមកពីប្រព័ន្ធលូបង្ហូរទឹកមិនល្អ មានការស្ទះសំរាម និងការសាងសង់សំណង់ខុសច្បាប់បិទផ្លូវទឹក។ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទីក្រុងពីលើអាកាសកាលពីថ្ងៃចន្ទ ប្រធានាធិបតីហ្គាណាបានមានប្រសាសន៍ដោយស្តីបន្ទោសថា សកម្មភាពខ្វះការទទួលខុសត្រូវរបស់បុគ្គលមួយចំនួនតូច បានធ្វើឱ្យសហគមន៍ទាំងមូលធ្លាក់ក្នុងហានិភ័យ។ លោកបានចេញបញ្ជាដាច់ណាត់ឱ្យ រុះរើសំណង់ខុសច្បាប់ទាំងអស់ដែលរាំងស្ទះផ្លូវទឹកចេញជាបន្ទាន់។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៥ ទីក្រុងអាក្រាធ្លាប់បានជួបគ្រោះទឹកជំនន់ស្រដៀងគ្នានេះ ដែលកាលនោះបានបណ្តាលឱ្យមានការផ្ទុះស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង និងសម្លាប់មនុស្សរហូតដល់ ១៥០នាក់។ លោកស្រី Ewurabena Yanyi-Akofur នាយកអង្គការ WaterAid Ghana បានអំពាវនាវឱ្យមានការរៀបចំផែនការទីក្រុង និងវិធានការការពារឱ្យបានតឹងរ៉ឹងជាងមុន ដោយលោកស្រីបានសង្កត់ធ្ងន់ថា អ្វីដែលយើងកំពុងឃើញនៅពេលនេះ មិនមែនជាគ្រោះធម្មជាតិចៃដន្យនោះទេ ប៉ុន្តែវាជាផលវិបាកដែលកើតចេញពីការប្រែប្រួលអាកាសធាតុរួមផ្សំនឹងការរីកលូតលាស់នៃនគរូបនីយកម្មដោយគ្មានការរៀបចំផែនការច្បាស់លាស់។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC