[បេរូត]៖ ប្រធានសភាលីបង់ លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ក្រុម Hezbollah បានរិះគន់យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងមួយដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក រវាងលីបង់ និងអ៊ីស្រាអែល។ លោកបានព្រមានថា កិច្ចព្រមព្រៀងនេះអាចបង្កឱ្យមានការបែកបាក់គ្នាក្នុងចំណោមប្រជាជនលីបង់ ហើយលោកបានអះអាងថា វានឹងមិនត្រូវបានយកមកអនុវត្តឡើយ។
ខណៈដែលមន្ត្រីអ៊ីស្រាអែលបានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងត្រូវបន្តអនុវត្តក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ គេនៅមិនទាន់ឃើញមានសញ្ញានៃការអនុវត្តជាក់ស្តែងនៅលើដីនៅឡើយទេ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កាំភ្លើងធំរបស់អ៊ីស្រាអែលបានបាញ់ផ្លោងលើតំបន់មួយក្បែរព្រំដែនភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃចន្ទ ហើយគេក៏បានឮសំឡេងដ្រូនហោះនៅលើមេឃនៃទីក្រុងបេរូត (Beirut) ផងដែរ។ នៅក្នុងការផ្តល់បទសម្ភាសន៍ដល់កាសែត al-Akhbar របស់លីបង់ លោក Berri បានលើកឡើងថា កិច្ចចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គឺជាឱកាសជាក់ស្តែងតែមួយគត់ក្នុងការធានាឱ្យមានការដកទ័ពរបស់អ៊ីស្រាអែលចេញពីលីបង់។ លោកបានព្រមានថា ការប៉ុនប៉ងណាមួយដើម្បីបំបែកដាច់ដោយឡែករវាងបញ្ហាលីបង់ ចេញពីក្របខណ្ឌចរចារវាងវ៉ាស៊ីនតោន និងតេហេរ៉ង់ អាចនឹងធ្វើឱ្យការកាន់កាប់របស់អ៊ីស្រាអែលកាន់តែអូសបន្លាយ។

គួររំឮកថា អ៊ីស្រាអែលបានវាយលុកកាន់កាប់តំបន់ភាគខាងត្បូងនៃប្រទេសលីបង់ នៅក្នុងសង្គ្រាមជាមួយក្រុម Hezbollah ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២ ខែមីនា បន្ទាប់ពីក្រុមនេះបានបើកការវាយប្រហារលើអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការដែលអ៊ីរ៉ង់រងការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ បច្ចុប្បន្ន សង្គ្រាមនៅលីបង់បានក្លាយជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់បានទាមទារឱ្យមានបទឈប់បាញ់នៅលីបង់ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបណ្តោះអាសន្នរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិកបានរៀបចំកិច្ចពិភាក្សាដាច់ដោយឡែកមួយរវាងរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែល ដែលទីក្រុងបេរូតបានយល់ព្រមចូលរួម បើទោះបីជាមានការជំទាស់ពីក្រុម Hezbollah ក៏ដោយ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឯកអគ្គរដ្ឋទូតលីបង់ និងអ៊ីស្រាអែលប្រចាំនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រសប្តាហ៍មុន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោតសរសើរកិច្ចព្រមព្រៀងនេះ ដោយថ្លែងថា វាអនុញ្ញាតឱ្យកងទ័ពអ៊ីស្រាអែលបន្តកាន់កាប់ភាគខាងត្បូងលីបង់ ប្រសិនបើក្រុម Hezbollah មិនព្រមដកអាវុធចេញ។
ក្រុម Hezbollah ដែលធ្លាប់បានទាមទារឱ្យរដ្ឋាភិបាលលីបង់បញ្ឈប់ការចរចាផ្ទាល់ជាមួយអ៊ីស្រាអែល បានច្រានចោលកិច្ចព្រមព្រៀងនេះ ដោយចាត់ទុកថាជា ការចុះចាញ់អ៊ីស្រាអែល។ មន្ត្រីជាន់ខ្ពស់របស់ក្រុម Hezbollah លោក Mahmoud Qmati បានប្រាប់ទូរទស្សន៍លីបង់ Al Jadeed ថា កិច្ចព្រមព្រៀងនេះ បានស្លាប់ទាំងមិនទាន់អនុវត្ត រួចទៅហើយ។ លោកបានបន្ថែមថា គ្មានហេតុផលណាដែលត្រូវកៀរគរប្រជាជនមកធ្វើបាតុកម្មតាមដងផ្លូវ ឬចាត់វិធានការប្រឆាំងនោះទេ ព្រោះកិច្ចព្រមព្រៀងនេះគ្មានផ្លូវអាចយកទៅអនុវត្តបានឡើយ។
យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀង កងទ័ពជាតិលីបង់ត្រូវចូលទៅគ្រប់គ្រងទឹកដីនៅភាគខាងត្បូង ដើម្បីរង់ចាំការរំសាយអាវុធរបស់ក្រុម Hezbollah ដែលការណ៍នេះនឹងអនុញ្ញាតឱ្យយោធាអ៊ីស្រាអែលដកថយជាបណ្តើរៗចេញពីលីបង់ ដោយចាប់ផ្តើមដំបូងនៅក្នុង «តំបន់សាកល្បង»។ មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់បានបង្ហើបថា ការដាក់ពង្រាយទ័ពចេញពីតំបន់សាកល្បងនេះអាចនឹងចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ។
ផ្អែកតាមផែនទីដែលចេញផ្សាយដោយរដ្ឋាភិបាលអ៊ីស្រាអែល តំបន់សាកល្បងទាំងនោះរួមមាន ភូមិ Froun, ភូមិ Zawtar al-Gharbiyeh និងភូមិ Ghandouriyeh របស់លីបង់។ មន្ត្រីអ៊ីស្រាអែលពីររូបបានបង្ហើបថា ភូមិទាំងនេះត្រូវបានកងទ័ពអ៊ីស្រាអែលវាយលុកយកនាពេលថ្មីៗនេះ ដើម្បីប្រើប្រាស់ធ្វើជាលក្ខខណ្ឌអំណាច ក្នុងការចរចា។ រូបភាពពីផ្កាយរណប Airbus កាលពីថ្ងៃទី២៤ ខែមិថុនា បានបង្ហាញពីការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងភូមិ Froun។
លោក Berri ដែលជាប្រធានចលនា Amal ផងនោះ បានហៅលក្ខខណ្ឌទាំងនេះថាជា ការបង្ខិតបង្ខំ។ កាសែត al-Akhbar បានដកស្រង់សម្តីរបស់លោក ដែលបានព្រមានថា ចំណុចគ្រោះថ្នាក់បំផុតនៃកិច្ចព្រមព្រៀងនេះ គឺវាអាច ញុះញង់ឱ្យមានជម្លោះផ្ទៃក្នុង និងទាញប្រជាជនលីបង់ឱ្យបង្កើតការប្រឈមមុខដាក់គ្នាឯង។ ទោះជាយ៉ាងណា សកម្មភាពប្រយុទ្ធគ្នានៅភាគខាងត្បូងលីបង់បានថយចុះកម្តៅខ្លះក្នុងខែនេះ ដោយសារតែអ៊ីរ៉ង់បានប្រកាន់ជំហរទាមទារឱ្យមានបទឈប់បាញ់នៅលីបង់ នៅក្នុងកិច្ចពិភាក្សាជាមួយអាមេរិក។ កិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តម្រូវឱ្យភាគីទាំងពីរ និងសម្ព័ន្ធមិត្ត រួមទាំងលីបង់ផង ត្រូវបញ្ឈប់រាល់ប្រតិបត្តិការយោធាទាំងអស់។
រដ្ឋាភិបាលលីបង់បានព្យាយាមស្វែងរកការចរចាផ្ទាល់ជាមួយអ៊ីស្រាអែលតាំងពីដើមសង្គ្រាម ទោះបីជាមានការជំទាស់ពីក្រុមមូស្លីមស៊ីអ៊ីត Hezbollah ក៏ដោយ ដែលនេះបានឆ្លុះបញ្ចាំងពីការបែកបាក់ផ្ទៃក្នុងលើការសម្រេចចិត្តចូលរួមក្នុងជម្លោះ។ រដ្ឋាភិបាលលីបង់បានប្រកាន់ខ្ជាប់នូវគោលនយោបាយស្វែងរកការរំសាយអាវុធរបស់ក្រុម Hezbollah តាំងពីឆ្នាំមុន គឺបន្ទាប់ពីក្រុមនេះបានចុះខ្សោយយ៉ាងខ្លាំងក្នុងសង្គ្រាមជាមួយអ៊ីស្រាអែលកាលពីឆ្នាំ២០២៤។ រហូតមកដល់ពេលនេះ កងកម្លាំងអ៊ីស្រាអែលបានគ្រប់គ្រង តំបន់សន្តិសុខ ដែលខ្លួនប្រកាសជាឯកតោភាគី លាតសន្ធឹងទៅភាគខាងត្បូងប្រទេសលីបង់ ដោយលើកឡើងពីតម្រូវការការពារភាគខាងជើងអ៊ីស្រាអែលពីការវាយប្រហារ។ យោធាអ៊ីស្រាអែលបានអះអាងថា ខ្លួនបានកម្ទេចផ្លូវរូងក្រោមដីមួយកន្លែង និងបានវាយប្រហារលើមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុម Hezbollah ចំនួនបីកាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថាជា ការរំលោភលើបទឈប់បាញ់ ដោយក្រុម Hezbollah។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters