[សេអ៊ូល]៖ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងប្រកាស មហាកម្មវិធី ចំនួនបី ដើម្បីរុញច្រានកំណើនសេដ្ឋកិច្ចក្នុងដំណាក់កាលបន្ទាប់។ ក្នុងនោះរួមមានការបង្កើតមជ្ឈមណ្ឌលផលិតឧបករណ៍ពាក់កណ្តាលចម្លង ដ៏ធំមួយនៅភាគនិរតីនៃប្រទេស ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប៉ាន់ប្រមាណថា អាចទាក់ទាញទុនវិនិយោគរាប់រយពាន់លានដុល្លារពីក្រុមហ៊ុនយក្ស Samsung និង SK ក្នុងរយៈពេលច្រើនឆ្នាំខាងមុខ។
ការប្រកាសនេះឆ្លុះបញ្ចាំងពីការបោះជំហានដ៏មានមហិច្ឆតារបស់ប្រធានាធិបតី លោក Lee Jae Myung ក្នុងការផ្សារភ្ជាប់បច្ចេកវិទ្យា AI និងឧស្សាហកម្មបន្ទះឈីប ទៅនឹងការសន្យានយោបាយរបស់លោក ក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងតំបន់ និងការស្តារសេដ្ឋកិច្ចឡើងវិញនៅក្រៅតំបន់ទីប្រជុំជនសេអ៊ូល។ ការិយាល័យប្រធានាធិបតីបានឱ្យដឹងថា លោក Lee នឹងអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍នេះ ដែលត្រូវបានគេប្រសិទ្ធនាមថាជា ការលោតផ្លោះដ៏អស្ចារ្យ របស់ជាតិ ដោយគ្រោងនឹងប្រកាសជាផ្លូវការនៅម៉ោងប្រហែល ០៥:០០ GMT។ ទន្ទឹមនឹងនេះ បណ្តាក្រសួងពាក់ព័ន្ធ រួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ អាកាសធាតុ និងដឹកជញ្ជូន ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញពីគោលនយោបាយគាំទ្រផងដែរ។

ក្រុមហ៊ុន Samsung Electronics និង SK ត្រូវបានរំពឹងថានឹងបង្ហាញផែនការវិនិយោគរបស់ខ្លួន ក្នុងខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហើបថា មេដឹកនាំធុរកិច្ចកំពូលៗ រួមមានលោក Jay Y. Lee ប្រធានក្រុមហ៊ុន Samsung និងលោក Chey Tae-won ប្រធានក្រុមហ៊ុន SK ក៏នឹងមានវត្តមានក្នុងព្រឹត្តិការណ៍នេះដែរ។ ក្រៅពីនេះ យោងតាមការិយាល័យប្រធានាធិបតី តំណាងមកពីក្រុមហ៊ុនធំៗផ្សេងទៀតដូចជា LG Electronics, HD Hyundai Robotics, ក្រុមហ៊ុនអគ្គិសនីរដ្ឋ Korea Electric Power Corp និងក្រុមហ៊ុនគ្រប់គ្រងធនធានទឹក Korea Water Resources Corp ក៏នឹងចូលរួមផងដែរ។
កញ្ចប់គោលនយោបាយនេះនឹងគ្របដណ្តប់លើ ការផលិតឧបករណ៍អេឡិចត្រូនិកទំនើប ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ AI និងប្រព័ន្ធ AI រូបវន្ត រួមទាំងបច្ចេកវិទ្យាមនុស្សយន្ត។ យោងតាមការបង្ហោះលើបណ្តាញសង្គមរបស់ប្រធានាធិបតី ចង្កោមឧស្សាហកម្មបន្ទះឈីបថ្មីនេះ នឹងត្រូវបង្កើតឡើងនៅក្នុងតំបន់ភាគនិរតីដែលមិនទាន់មានការអភិវឌ្ឍខ្លាំង រួមមានទីក្រុង Gwangju និងខេត្ត Jeolla ខាងត្បូង។ សារព័ត៌មានក្នុងស្រុករាយការណ៍ថា ទំហំទឹកប្រាក់វិនិយោគសរុបអាចនឹងកើនឡើងរហូតដល់ជាង ១,០០០ ពាន់ពាន់លានវ៉ុន (ប្រមាណ ៦៥១.៤១ ពាន់លានដុល្លារអាម៉េរិក) សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ។
បច្ចុប្បន្ន កូរ៉េខាងត្បូងគឺជាមូលដ្ឋានរបស់ក្រុមហ៊ុន Samsung Electronics និង SK Hynix ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ ធំជាងគេបំផុតពីរនៅលើពិភពលោក។ បន្ទះឈីបអង្គចងចាំកម្រិតបញ្ជូនខ្ពស់ របស់ក្រុមហ៊ុនទាំងពីរនេះ គឺជាសមាសភាគដ៏សំខាន់បំផុតនៅក្នុងការប្រកួតប្រជែងជាសកល ដើម្បីបង្កើតប្រព័ន្ធ AI ទំនើប។ កន្លងមក ក្រុមហ៊ុនទាំងពីរបានដំណើរការរោងចក្រផលិតចម្បងៗរបស់ខ្លួន នៅក្នុង និងជុំវិញតំបន់ទីប្រជុំជនសេអ៊ូលរួចទៅហើយ។
ដើម្បីគាំទ្រដល់គម្រោងថ្មីនេះ រដ្ឋាភិបាលក៏ត្រៀមដាក់ចេញនូវវិធានការគាំទ្រយ៉ាងទូលំទូលាយ ដែលគ្របដណ្តប់លើការផ្គត់ផ្គង់ថាមពល ប្រព័ន្ធទឹក ផ្ទៃដី ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ និងលំនៅដ្ឋាន។ កាលពីចុងសប្តាហ៍កន្លងទៅ លោក Lee បានការពារគម្រោងបង្កើតមជ្ឈមណ្ឌលបន្ទះឈីបនៅភាគនិរតីនេះ តាមរយៈការបង្ហោះសារជាបន្តបន្ទាប់លើបណ្តាញសង្គម X ដោយបានបដិសេធការរិះគន់ដែលថា លោកកំពុងផ្តល់ផលប្រយោជន៍ដល់តំបន់ដែលជាមូលដ្ឋានបង្អែករបស់គណបក្សសេរីនិយម។
លោកបានសង្កត់ធ្ងន់ថា នេះគឺជា យុទ្ធសាស្ត្ររស់រានមានជីវិតជាតិ ដើម្បីដោះស្រាយបញ្ហាអតុល្យភាពនៃការអភិវឌ្ឍរវាងតំបន់ និងដើម្បីពង្រីកសមត្ថភាពប្រកួតប្រជែងក្នុងយុគសម័យ AI។ លោក Lee បានសរសេរថា ការបង្កើតប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម Semiconductor នៅតំបន់ភាគនិរតី មិនមែនជាការផ្តល់ការអនុគ្រោះពិសេសដល់តំបន់ណាមួយនោះទេ។ វាគឺជាការបង្កើតមជ្ឈមណ្ឌលឧស្សាហកម្មបន្ទះឈីបបន្ថែម ដែលសមហេតុផលបំផុត តាមរយៈការសម្រេចចិត្តរបស់ក្រុមហ៊ុនពាក់ព័ន្ធ ក្រោមការគាំទ្រពេញទំហឹងពីរដ្ឋាភិបាល។ អ្នកជំនាញក្នុងឧស្សាហកម្មនេះបានលើកឡើងថា ការបង្វែរទិសដៅវិនិយោគបន្ទះឈីបចេញពីទីក្រុងសេអ៊ូល អាចជួយកាត់បន្ថយការកកស្ទះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋធានី។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់បានព្រមានថា ការសាងសង់រោងចក្របច្ចេកវិទ្យាទំនើបៗ ត្រូវទាមទារនូវការផ្គត់ផ្គង់អគ្គិសនី និងទឹកក្នុងបរិមាណដ៏មហាសាល ប្រព័ន្ធភស្តុភារកម្មកម្រិតខ្ពស់ បណ្តាញអ្នកផ្គត់ផ្គង់ដ៏រឹងមាំ និងកម្លាំងពលកម្មដែលមានជំនាញខ្ពស់។ ធាតុផ្សំទាំងនេះ ប្រហែលជាមិនអាចបង្កើតឡើងបានលឿនទាន់ចិត្ត នៅក្នុងតំបន់ទើបអភិវឌ្ឍន៍ថ្មី ដើម្បីឆ្លើយតបនឹងតម្រូវការ AI ដែលកំពុងកើនឡើងយ៉ាងគំហុករហ័សនោះទេ។
ខណៈពេលជាមួយគ្នានេះ អ្នកនយោបាយបក្សប្រឆាំងបានរិះគន់គម្រោងនេះយ៉ាងខ្លាំង ដោយបានចោទសួរថា តើសំណើនេះធ្វើឡើងក្នុងគោលបំណងនយោបាយដែរឬទេ ព្រោះតំបន់នេះមានអ្នកបោះឆ្នោតរហូតដល់ ៨៥% បានគាំទ្រលោក Lee នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន។ ការប្រកាសគម្រោងយក្សនេះ បានធ្វើឡើងចំពេលដែលអត្រាគាំទ្ររបស់ប្រធានាធិបតី លោក Lee Jae Myung បានធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេលប្រាំមួយសប្តាហ៍មកហើយ ដោយបច្ចុប្បន្នស្ថិតក្នុងកម្រិត ៤៦.៥% យោងតាមលទ្ធផលស្ទង់មតិចុងក្រោយរបស់ស្ថាប័ន Realmeter។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters