គណៈកម្មការទំនាក់ទំនងសហព័ន្ធសហរដ្ឋអាមេរិក (FCC) បានប្រកាសកាលពីថ្ងៃសុក្រ ថា ខ្លួននឹងហាមឃាត់ការនាំចូលឧបករណ៍បច្ចេកវិទ្យាបន្ថែមពីក្រុមហ៊ុនផលិតរបស់ចិន ដែលជាវិធានការចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរឹតបន្តឹងលើឧបករណ៍អេឡិចត្រូនិកផលិតនៅប្រទេសចិន។
វិធានការនេះ បានពង្រីកការហាមឃាត់ដែល គណៈកម្មការទំនាក់ទំនងសហព័ន្ធសហរដ្ឋអាមេរិក (FCC )បានដាក់ចេញកាលពីឆ្នាំ២០២២ លើម៉ូឌែលថ្មីនៃឧបករណ៍ទូរគមនាគមន៍ និងឧបករណ៍ឃ្លាំមើលវីដេអូ ដែលផលិតដោយក្រុមហ៊ុន Huawei, ក្រុមហ៊ុន ZTE, ក្រុមហ៊ុន Hytera, ក្រុមហ៊ុន Hikvision និងក្រុមហ៊ុន Dahua ដោយអះអាងថា ឧបករណ៍ទាំងនេះបង្កហានិភ័យដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ គណៈកម្មការទំនាក់ទំនងសហព័ន្ធសហរដ្ឋអាមេរិក (FCC )បានឱ្យដឹងថា ការហាមឃាត់ថ្មីនេះ មិនត្រឹមតែអនុវត្តចំពោះម៉ូឌែលថ្មីដែលត្រូវបានរចនាចាប់ពីចុងឆ្នាំ២០២២ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលម៉ូឌែលចាស់ៗផងដែរ ដែលត្រូវបានប្រើប្រាស់សម្រាប់សុវត្ថិភាពសាធារណៈ សន្តិសុខអគាររដ្ឋាភិបាល ការឃ្លាំមើលសន្តិសុខហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគោលបំណងពាក់ព័ន្ធនឹងសន្តិសុខជាតិផ្សេងទៀត។  ការហាមឃាត់ដែលបានពង្រីកនេះ គ្រោងនឹងចូលជាធរមាននៅដើមខែកក្កដា។

Illustration shows United States Federal Communications Commision logo and U.S. flag

 គណៈកម្មការទំនាក់ទំនងសហព័ន្ធសហរដ្ឋអាមេរិក (FCC) បានបញ្ជាក់ថា វិធានការនេះ «មានភាពចាំបាច់ដើម្បីការពារសន្តិសុខជាតិ តាមរយៈការកាត់បន្ថយហានិភ័យចំពោះវិស័យទំនាក់ទំនងរបស់សហរដ្ឋអាមេរិក»។ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន និងក្រុមហ៊ុនពាក់ព័ន្ធ មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ទោះជាយ៉ាងណា គណៈកម្មការទំនាក់ទំនងសហព័ន្ធសហរដ្ឋអាមេរិក (FCC) បានបញ្ជាក់ថា ពលរដ្ឋអាមេរិកនៅតែអាចបន្តប្រើប្រាស់ឧបករណ៍ដែលពួកគេកំពុងកាន់កាប់រួចហើយបានជាធម្មតា។ ក្នុងរយៈពេលកន្លងមក គណៈកម្មការទំនាក់ទំនងសហព័ន្ធសហរដ្ឋអាមេរិក (FCC )បានចាត់វិធានការជាបន្តបន្ទាប់ប្រឆាំងនឹងបច្ចេកវិទ្យារបស់ចិន។ កាលពីខែធ្នូ ទីភ្នាក់ងារនេះបានហាមឃាត់ការនាំចូលម៉ូឌែលថ្មីទាំងអស់នៃយន្តហោះដ្រូនផលិតនៅប្រទេសចិន ខណៈកាលពីខែមីនា ក៏បានហាមនាំចូលម៉ូឌែលថ្មីនៃរ៉ោតទ័រ (Router) សម្រាប់អ្នកប្រើប្រាស់ ដែលផលិតនៅប្រទេសចិនផងដែរ។ ទោះបីជាយ៉ាងណា បទបញ្ជាថ្មីនេះ មិនហាមឃាត់ការនាំចូលម៉ូឌែលចាស់ៗនៃដ្រូន និងរ៉ោតទ័រនោះទេ។ កាលពីខែតុលា គណៈកម្មការទំនាក់ទំនងសហព័ន្ធសហរដ្ឋអាមេរិក (FCC )បានបោះឆ្នោតជាឯកច្ឆន្ទក្នុងសំឡេង ៣ ទល់នឹង ០ ដើម្បីទប់ស្កាត់ការអនុម័តថ្មីលើឧបករណ៍ដែលមានគ្រឿងបន្លាស់ពីក្រុមហ៊ុនដែលស្ថិតក្នុងបញ្ជីរបស់ខ្លួន ហើយអនុញ្ញាតឱ្យទីភ្នាក់ងារអាចហាមឃាត់ឧបករណ៍ដែលធ្លាប់ទទួលបានការអនុម័តរួច ក្នុងករណីមួយចំនួនផងដែរ។ជាការឆ្លើយតប ក្រុមហ៊ុន Hikvision បានដាក់ពាក្យប្តឹង FCC កាលពីខែធ្នូ ដោយអះអាងថា ទីភ្នាក់ងារនេះបានប្រើប្រាស់អំណាចលើសដែនកំណត់ និងខ្វះមូលដ្ឋានច្បាប់គាំទ្រចំពោះការសម្រេចចិត្តនេះ។ បច្ចុប្បន្ន គណៈកម្មការទំនាក់ទំនងសហព័ន្ធសហរដ្ឋអាមេរិក (FCC )ក៏កំពុងពិចារណាហាមឃាត់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍របស់សហរដ្ឋអាមេរិក មិនឱ្យភ្ជាប់បណ្តាញជាមួយក្រុមហ៊ុនទូរគមនាគមន៍របស់ចិន ដែលប្រសិនបើត្រូវបានអនុម័ត នឹងធ្វើឱ្យក្រុមហ៊ុនទូរគមនាគមន៍ចិន មិនអាចដំណើរការមជ្ឈមណ្ឌលទិន្នន័យ (Data Center) នៅក្នុងសហរដ្ឋអាមេរិកបានទៀត។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ reuters