សហរដ្ឋអាមេរិកបានបើកការវាយប្រហារលើគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ចោទប្រកាន់អ៊ីរ៉ង់ថាបានប្រព្រឹត្ត «ការរំលោភបទឈប់បាញ់ដ៏ល្ងង់ខ្លៅ» ក្រោយមានការវាយប្រហារដោយដ្រូនលើនាវាដឹកទំនិញមួយនៅច្រកសមុទ្រ Hormuz។
ការវាយប្រហារលើនាវាEver Lovely ដែលចុះបញ្ជីក្រោមទង់ជាតិសិង្ហបុរី បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រើដ្រូនបែបវាយប្រហារតែម្តង (one-way attack drone)។ ទោះបីមិនមានអ្នកស្លាប់ ឬរងរបួសក៏ដោយ ហេតុការណ៍នេះបានបង្ខំឱ្យផ្អាកផែនការជម្លៀសនាវិករាប់ពាន់នាក់ ដែលជាប់គាំងនៅក្នុងតំបន់។ បញ្ជាការកណ្តាលរបស់កងទ័ពអាមេរិក (CENTCOM) បានឱ្យដឹងថា ការវាយប្រហារតបតនេះបានកំណត់គោលដៅលើឃ្លាំងផ្ទុកមីស៊ីល និងដ្រូន ព្រមទាំងទីតាំងរ៉ាដាតាមឆ្នេរសមុទ្ររបស់អ៊ីរ៉ង់។ ចំណែក កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចោទប្រកាន់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

មុនពេលការវាយប្រហារត្រូវបានប្រកាស លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា «អ្នកនឹងឃើញ» នៅពេលត្រូវបានសួរថា តើអាមេរិកនឹងវាយតបអ៊ីរ៉ង់ឬអត់។ បញ្ជាការកណ្ដាលសហរដ្ឋអាមេរិក ឬ CENTCOM បានហៅប្រតិបត្តិការនេះថា ជា «ការឆ្លើយតបដ៏ខ្លាំងក្លា» ចំពោះការវាយប្រហារលើនាវាពាណិជ្ជកម្ម ដោយបញ្ជាក់ថា សកម្មភាពរបស់អ៊ីរ៉ង់បានរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ និងបង្កការគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍លើផ្លូវពាណិជ្ជកម្មសមុទ្រដ៏សំខាន់នេះ។ CENTCOM ក៏បានអះអាងថា កងទ័ពអាមេរិកនឹងបន្តសម្របសម្រួល និងគាំទ្រសុវត្ថិភាពដល់នាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ថា ការវាយប្រហាររបស់អាមេរិកនេះគ្រាន់តែជាប្រតិបត្តិការតែមួយលើក ឬជាផ្នែកនៃយុទ្ធនាការយោធាបន្តនោះទេ។
ជាការឆ្លើយតប IRGC បានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលអាមេរិកបានរំលោភការសន្យារបស់ខ្លួនម្ដងទៀត ដោយបើកការវាយប្រហារតាមអាកាសលើឆ្នេរសមុទ្រអ៊ីរ៉ង់ ក្រោមលេសផ្សេងៗ ដែល  IRGC បានព្រមានថា ប្រសិនបើការវាយប្រហារបែបនេះកើតឡើងម្តងទៀត ការឆ្លើយតបរបស់អ៊ីរ៉ង់នឹងមានទ្រង់ទ្រាយធំជាងនេះ។ IRGC ក៏បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភបទឈប់បាញ់នៅប្រទេសលីបង់ ខណៈអ៊ីស្រាអែល និងលីបង់ទើបបានចុះហត្ថលេខាលើក្របខណ្ឌផែនការសន្តិភាពមួយនៅទីក្រុងវ៉ាស៊ីនតោន ទោះបីនៅតែមានការប៉ះទង្គិចកម្រិតតូចរវាងកងទ័ពអ៊ីស្រាអែល និងក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់នៅភាគខាងត្បូងលីបង់ក៏ដោយ។ អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន បន្ទាប់ពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមនៅចុងខែកុម្ភៈ។ ការបិទផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់នេះ បានធ្វើឱ្យតម្លៃប្រេងពិភពលោកកើនឡើង និងរំខានដល់ការដឹកជញ្ជូនទំនិញសំខាន់ៗផ្សេងទៀត ដូចជាជីកសិកម្ម។
កាលពីថ្ងៃទី១៧ ខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានព្រមព្រៀងបញ្ចប់អរិភាពក្រោមអនុស្សរណៈយោគយល់ចំនួន ១៤ ចំណុច ដែលក្នុងនោះអ៊ីរ៉ង់ក៏បានសន្យាខិតខំធានាការឆ្លងកាត់ដោយសុវត្ថិភាពរបស់នាវាពាណិជ្ជកម្មរយៈពេល ៦០ ថ្ងៃ ដោយមិនគិតថ្លៃ។បន្ទាប់ពីការវាយប្រហារតបតរបស់អាមេរិក អនុប្រធានាធិបតីអាមេរិក លោក JD Vance បានសរសេរនៅលើបណ្ដាញសង្គម X ថា ប្រសិនបើអ៊ីរ៉ង់មានការមិនពេញចិត្តចំពោះការអនុវត្តអនុស្សរណៈយោគយល់ គួរតែដោះស្រាយតាមរយៈការចរចា មិនមែនប្រើអំពើហិង្សាទេ ដោយបន្ថែមថា «អំពើហិង្សា នឹងត្រូវឆ្លើយតបដោយអំពើហិង្សា»។
ទន្ទឹមនឹងនេះ ប្រធានគណៈកម្មាធិការសន្តិសុខជាតិនៃរដ្ឋសភាអ៊ីរ៉ង់ លោក Ebrahim Azizi បានរិះគន់ថា សហរដ្ឋអាមេរិកបានវាយប្រហារអ៊ីរ៉ង់ម្តងទៀត ខណៈការចរចានៅកំពុងបន្ត ហើយបានព្រមានថា ការរំលោភបទឈប់បាញ់នេះនឹងនាំឱ្យអាមេរិក «ដកថយ និងសោកស្តាយ» ដូចករណីកន្លងមក។
ថ្លែងនៅសេតវិមាន លោក ត្រាំ មិនបានបញ្ជាក់ថា បទឈប់បាញ់នៅមានប្រសិទ្ធភាពឬយ៉ាងណាទេ ប៉ុន្តែបាននិយាយថា «អ្នកនឹងដឹងឆាប់ៗនេះ» ហើយបញ្ជាក់ថា លោកមិនពេញចិត្តដែលអ៊ីរ៉ង់បានបាញ់ប្រហារកាលពីថ្ងៃមុន និងថា «ពួកគេមិនគួរធ្វើបែបនោះឡើយ»។
កាលពីថ្ងៃពុធ លោក ត្រាំក៏បានអះអាងថា អ៊ីរ៉ង់បានធានាអាមេរិកថា នឹងមិនយកថ្លៃឆ្លងកាត់ ថ្លៃធានារ៉ាប់រង ឬគិតថ្លៃផ្សេងៗពីនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នោះទេ ហើយព្រមានថា ប្រសិនបើព័ត៌មាននេះមិនពិត ការចរចានឹងត្រូវបញ្ចប់ភ្លាមៗ។
នាវា Ever Lovely ត្រូវបានវាយប្រហារនៅចម្ងាយប្រហែល ៧,៥ ម៉ាយល៍សមុទ្រ ភាគអាគ្នេយ៍នៃកំពង់ផែ Dahit ប្រទេសអូម៉ង់ ខណៈកំពុងធ្វើដំណើរតាមផ្លូវដែលទីភ្នាក់ងារសន្តិសុខដែនសមុទ្រចក្រភពអង់គ្លេស (UKMTO) បានណែនាំ។ ក្រុមហ៊ុនម្ចាស់នាវាEvergreen បានបញ្ជាក់ថា នាវិកទាំងអស់មានសុវត្ថិភាព ហើយនាវា និងទំនិញមិនទទួលរងការខូចខាតធ្ងន់ធ្ងរនោះទេ។ ក្រោយហេតុការណ៍នេះ អង្គការសមុទ្រអន្តរជាតិ (IMO) ក៏បានផ្អាកផែនការជម្លៀសនាវិកជាង ១១,០០០ នាក់ ដែលជាប់គាំងនៅតំបន់ដឹកជញ្ជូនដ៏សំខាន់នេះ ចាប់តាំងពីជម្លោះបានផ្ទុះឡើង។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ BBC