ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតអាមេរិក Anthropic ដែលជាអ្នកអភិវឌ្ឍជំនួយការ AI Claude បានចោទប្រកាន់ក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ពាណិជ្ជកម្មអេឡិចត្រូនិក និង AI ដ៏ធំបំផុតមួយរបស់ប្រទេសចិន ថាបានទាញយកសមត្ថភាពរបស់ម៉ូដែល AI Claude ដោយខុសច្បាប់ ក្នុងអ្វីដែលក្រុមហ៊ុន Anthropic អះអាងថាជាការវាយប្រហារធំបំផុតមិនធ្លាប់មានប្រឆាំងនឹងខ្លួន។
យោងតាមលិខិតមួយដែល Reuters បានឃើញ ក្រុមហ៊ុន Anthropic បាននិយាយថា ក្រុមហ៊ុន Alibaba បានប្រើវិធីសាស្ត្រដែលគេហៅថា «Distillation» ដែលជាការបណ្តុះបណ្តាលម៉ូដែល AI ដែលមានសមត្ថភាពទាបជាង ដោយយកចម្លើយ និងលទ្ធផលពីម៉ូដែលដែលមានសមត្ថភាពខ្ពស់ជាងមកប្រើប្រាស់។ ក្រុមហ៊ុន Anthropic បានអះអាងថា យុទ្ធនាការនេះបានប្រព្រឹត្តទៅចន្លោះថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដោយបានបង្កើតការសន្ទនាជាមួយ Claude ច្រើនជាង ២៨,៨ លានលើក តាមរយៈគណនីក្លែងបន្លំជិត ២៥,០០០ គណនី។

នៅក្នុងលិខិតនោះ ក្រុមហ៊ុន Anthropic បាននិយាយថា ការធ្វើ Distillation អាចជួយពន្លឿនសមត្ថភាពរបស់ចិនក្នុងការឈានដល់កម្រិតបច្ចេកវិទ្យារបស់ម៉ូដែល Mythos Preview ដែលជាម៉ូដែល AI កម្រិតខ្ពស់របស់ក្រុមហ៊ុន។ ក្រុមហ៊ុន Anthropic បានអះអាងថា ប្រតិបត្តិការនេះត្រូវបានអនុវត្តដោយបុគ្គលពាក់ព័ន្ធនឹងក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Qwen ដែលជាមន្ទីរពិសោធន៍ AI របស់ក្រុមហ៊ុន Alibaba។ ទោះជាយ៉ាងណា ក្រុមហ៊ុន Alibaba មិនទាន់ឆ្លើយតបភ្លាមៗចំពោះការស្នើសុំអត្ថាធិប្បាយនោះទេ។
លិខិតចុះថ្ងៃទី១០ ខែមិថុនា ត្រូវបានផ្ញើទៅកាន់សមាជិកព្រឹទ្ធសភាអាមេរិក Tim Scott និង Elizabeth Warren មុនសវនាការស្តីពីបញ្ញាសិប្បនិម្មិតរបស់គណៈកម្មាធិការធនាគារព្រឹទ្ធសភាសហរដ្ឋអាមេរិក។
កាលពីខែមេសា សេតវិមានបានចោទប្រកាន់ប្រទេសចិនថា បានលួចកម្មសិទ្ធិបញ្ញារបស់មន្ទីរពិសោធន៍ AI អាមេរិកក្នុងទ្រង់ទ្រាយឧស្សាហកម្ម។ ក្រុមហ៊ុន Anthropic បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ការវាយប្រហារបែបនេះ រួមទាំងការសហការជាមួយក្រុមហ៊ុន AI ឯកជនក្នុងការចែករំលែកព័ត៌មានសន្តិសុខ និងសកម្មភាពផ្សេងៗ។
កាលពីខែកុម្ភៈ ក្រុមហ៊ុន Anthropic ក៏បានបង្ហាញថា ខ្លួនបានរកឃើញយុទ្ធនាការស្រដៀងគ្នាពីក្រុមហ៊ុន AI ចិន DeepSeek ដែលបានធ្វើឱ្យពិភពបច្ចេកវិទ្យាភ្ញាក់ផ្អើលកាលពីដើមឆ្នាំ២០២៥ ព្រមទាំងក្រុមហ៊ុន AI ចិន Moonshot AI និងក្រុមហ៊ុន MiniMax ផងដែរ។

ក្រុមហ៊ុន Anthropic បាននិយាយថា ប្រតិបត្តិការរបស់ក្រុមហ៊ុន DeepSeek បានបង្កើតការសន្ទនាជាង ១៥០,០០០ លើក ខណៈក្រុមហ៊ុន Moonshot AI មានជាង ៣,៤ លានលើក និងក្រុមហ៊ុន MiniMax មានជាង ១៣ លានលើក។ ក្រុមហ៊ុន Anthropic បានព្រមានថា យុទ្ធនាការទាំងនេះកំពុងកើនឡើងទាំងភាពខ្លាំង និងភាពស្មុគស្មាញ ហើយការដោះស្រាយបញ្ហានេះត្រូវការកិច្ចសហការយ៉ាងឆាប់រហ័សរវាងក្រុមហ៊ុនក្នុងឧស្សាហកម្ម អ្នកបង្កើតគោលនយោបាយ និងសហគមន៍ AI សកល។
ក្នុងខែនេះ ក្រុមហ៊ុន Alibaba ត្រូវបានបញ្ចូលទៅក្នុងបញ្ជីក្រុមហ៊ុនយោធាចិនរបស់ក្រសួងការពារជាតិអាមេរិក ប៉ុន្តែក្រុមហ៊ុនកំពុងជំទាស់ចំពោះការកំណត់នោះ។ ប៉ុន្តែក្រសួងពាណិជ្ជកម្មអាមេរិកនៅមិនទាន់ដាក់ក្រុមហ៊ុន DeepSeek ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មនៅឡើយ ទោះបីជាគណៈកម្មាធិការអន្តរស្ថាប័នរបស់រដ្ឋាភិបាលបានចាត់ទុកថា វាជាហានិភ័យសន្តិសុខជាតិក៏ដោយ ខណៈទីក្រុងវ៉ាស៊ីនតោនព្យាយាមជៀសវាងការធ្វើឱ្យភាពតានតឹងជាមួយទីក្រុងប៉េកាំងកាន់តែកើនឡើង។
ទន្ទឹមនឹងនេះ នៅថ្ងៃទី១២ ខែមិថុនា ពោលគឺពីរថ្ងៃបន្ទាប់ពីក្រុមហ៊ុន Anthropic ផ្ញើលិខិតនោះ ក្រសួងពាណិជ្ជកម្មអាមេរិកបានដាក់កំហិតលើម៉ូដែល AI ចុងក្រោយរបស់ក្រុមហ៊ុន Anthropic គឺ Mythos និង Fable ដោយបារម្ភថា វាអាចត្រូវបានប្រើប្រាស់ដោយស្ថាប័នយោធា និងចារកម្មនៅក្នុងប្រទេសចិន និងប្រទេសផ្សេងទៀតដែលត្រូវបានចាត់ទុកថាមានហានិភ័យ។ វិធានការនេះបានបង្ខំឱ្យក្រុមហ៊ុន Anthropic បិទការចូលប្រើម៉ូដែលទាំងពីរនៅទូទាំងពិភពលោក។
ប្រែសម្រួលដោយ៖ វី យៀក
ប្រភព៖ Reuters