[ទីក្រុងតៃបុិ]៖ កោះតៃវ៉ាន់បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ បន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានលើកឡើងពីការព្រួយបារម្ភរួមគ្នា ជុំវិញសកម្មភាពរបស់ឆ្មាំឆ្នេរសមុទ្រចិន និងសកម្មភាពផ្សេងៗទៀតនៅដែនទឹកភាគខាងកើតនៃកោះនេះ ខណៈរដ្ឋាភិបាលតៃប៉ិគូសបញ្ជាក់ថា សេរីភាពនៃការធ្វើនាវាចរណ៍គឺជារឿងចាំបាច់មិនអាចខ្វះបានសម្រាប់ពាណិជ្ជកម្មសកល។

កាលពីដើមខែមិថុនា ប្រទេសចិនដែលតែងតែចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួននោះ បានបញ្ជូននាវាឆ្មាំឆ្នេរសមុទ្រទៅកាន់ដែនទឹកភាគខាងកើតនៃកោះនេះ ក្រោមហេតុផលដែលទីក្រុងប៉េកាំងហៅថា ប្រតិបត្តិការពង្រឹងច្បាប់ចរាចរណ៍ផ្លូវសមុទ្រពិសេស។ ចិនបានអះអាងថា ប្រតិបត្តិការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការប្រកាសរបស់ជប៉ុន និងហ្វីលីពីន ក្នុងការចាប់ផ្តើមចរចាជាផ្លូវការលើព្រំដែនសមុទ្ររបស់ពួកគេ ដែលទីក្រុងប៉េកាំងយល់ឃើញថាមានការពាក់ព័ន្ធនឹងដែនទឹករបស់ចិននៅជិតកោះតៃវ៉ាន់។ ក្រៅពីនាវាឆ្មាំឆ្នេរសមុទ្រ ចិនក៏បានបញ្ជូននាវាស្ទង់មតិដែនសមុទ្រទៅកាន់តំបន់នោះផងដែរ។

លោក Joseph Wu អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់ បានសរសេរនៅលើបណ្តាញសង្គម X កាលពីល្ងាចថ្ងៃពុធថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីថ្លែងការណ៍របស់ប្រទេសទាំងបួន។ សណ្តាប់ធ្នាប់ផ្អែកលើច្បាប់ ស្ថានភាពបច្ចុប្បន្ន ព្រមទាំងសន្តិភាព និងស្ថិរភាពក្នុងតំបន់ គឺជាអ្វីដែលយើងទាំងអស់គ្នាយកចិត្តទុកដាក់។ PRC (សាធារណរដ្ឋប្រជាមានិតចិន) គួរតែបញ្ឈប់ការប៉ុនប៉ងពង្រីកដែនសមុទ្ររបស់ខ្លួន។ រហូតមកទល់ពេលនេះ ក្រសួងការបរទេសចិនមិនទាន់ធ្វើអត្ថាធិប្បាយតបជុំវិញសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេសលោកខាងលិចទាំងនោះឡើយ។ ជារឿយៗ ទីក្រុងប៉េកាំងមិនដែលទទួលស្គាល់ការទាមទារអធិបតេយ្យភាពរបស់តៃវ៉ាន់ឡើយ ហើយតែងតែចាត់ទុកកោះនេះ និងដែនទឹកជុំវិញទាំងអស់ជាកម្មសិទ្ធិរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រុមប្រឹក្សាកិច្ចការមហាសមុទ្រតៃវ៉ាន់ ដែលជាស្ថាប័នគ្រប់គ្រងឆ្មាំសមុទ្ររបស់កោះនេះ បានសង្កត់ធ្ងន់ថា សេរីភាពនៃការធ្វើនាវាចរណ៍ និងសុវត្ថិភាពដែនសមុទ្រនៅច្រកសមុទ្រតៃវ៉ាន់ និងដែនទឹកជុំវិញ គឺមានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជកម្មពិភពលោក។ ស្ថាប័ននេះបានបន្ថែមថា ការបៀតបៀនតាមផ្លូវសមុទ្រ និងសម្ពាធនយោបាយពីសំណាក់ប្រទេសចិន មិនត្រឹមតែរំលោភលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិទៀតផង។ សកម្មភាពទាំងនេះត្រូវតែបញ្ឈប់ជាបន្ទាន់ និងរួមគ្នាជម្រុញការបដិសេធ។

ក្រុមប្រឹក្សាដដែលនេះបានប្តេជ្ញាថា តៃវ៉ាន់នឹងបន្តឈរជើងជាមួយបណ្តាប្រទេសជាមិត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាការពារសណ្តាប់ធ្នាប់អន្តរជាតិនៅក្នុងដែនទឹកជុំវិញ តាមរយៈវិធានការស្របច្បាប់ សមស្រប និងម៉ឺងម៉ាត់បំផុត។ ទន្ទឹមនឹងនេះ លោកស្រី Kuan Bi-ling រដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សាកិច្ចការមហាសមុទ្រ បានបង្ហោះលើទំព័រ Facebook របស់លោកស្រីដោយចំៗថា ចិនត្រូវបានគេមើលឃើញយ៉ាងច្បាស់ថាជា «អ្នករំខានដល់ស្ថិរភាពក្នុងតំបន់»។ លោកស្រីបានបញ្ជាក់បន្ថែមថា ចិនកាន់តែធ្វើបាបតៃវ៉ាន់ខ្លាំងប៉ុនណា សហគមន៍អន្តរជាតិនឹងកាន់តែងាកមកគាំទ្រតៃវ៉ាន់ខ្លាំងប៉ុណ្ណោះ។ 

គួររំលឹកផងដែរថា កាលពីសប្តាហ៍មុន លោកស្រី Kuan Bi-ling ក៏បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ឯកអគ្គរាជទូតអង់គ្លេសប្រចាំតៃវ៉ាន់ លោកស្រី Ruth Bradley-Jones នៅលើនាវាឆ្មាំឆ្នេរសមុទ្រ Yunlin របស់តៃវ៉ាន់ ដែលកំពុងចតនៅកំពង់ផែផងដែរ ខណៈដែលតៃវ៉ាន់នៅតែបន្តប្រកាសក្តែងៗថា ចិនគ្មានសិទ្ធិទាមទារអធិបតេយ្យភាព ឬយុត្តាធិការណាមួយលើដែនកោះ ឬដែនទឹករបស់ខ្លួនឡើយ។

 

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters