អង្គការសមុទ្រអន្តរជាតិ (IMO) នៃអង្គការសហប្រជាជាតិ គ្រោងនឹងជម្លៀសនាវិកជាង ១១,០០០ នាក់ ដែលកំពុងជាប់គាំងនៅតំបន់ឈូងសមុទ្រ ដោយសារតែជម្លោះយោធារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ អគ្គលេខាធិការ IMO លោក Arsenio Dominguez បានថ្លែងថា ប្រតិបត្តិការទ្រង់ទ្រាយធំ នេះ នឹងត្រូវអនុវត្តឡើងក្រោមការសហការជាមួយប្រទេសអ៊ីរ៉ង់ អូម៉ង់ សហរដ្ឋអាមេរិក បណ្តារដ្ឋឆ្នេរដទៃទៀតនៅក្នុងតំបន់ និងវិស័យឧស្សាហកម្មនាវាចរណ៍។

លោកបានបន្ថែមថា យើងទទួលបានការធានាសុវត្ថិភាពចាំបាច់ និងបានផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់នូវលក្ខខណ្ឌនានាដើម្បីធានាឱ្យបាននូវការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព ក្នុងការគាំទ្រដល់ប្រតិបត្តិការទាំងនេះ។ ទោះបីជាមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តោះអាសន្នកាលពីសប្តាហ៍មុនដើម្បីបញ្ចប់ជម្លោះក៏ដោយ ក៏សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តខ្វែងគំនិតគ្នាលើព័ត៌មានលម្អិតនៃអនុស្សរណៈនៃការយោគយល់គ្នា នៅឡើយ។

សហរដ្ឋអាមេរិកបានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ រួមបញ្ចូលទាំងការធានាថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យពីសំណាក់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានយល់ព្រមទាំងស្រុងចំពោះការត្រួតពិនិត្យនុយក្លេអ៊ែរកម្រិតខ្ពស់បំផុតនាពេលអនាគត នេះនឹងធានាបាននូវ ភាពស្មោះត្រង់នុយក្លេអ៊ែរ ។

ប៉ុន្តែ ភ្លាមៗមុនពេលលោក ត្រាំ បង្ហោះសារនេះ អ៊ីរ៉ង់បានអះអាងថា ទីភ្នាក់ងារឃ្លាំមើលរបស់ UN នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរ ដែលត្រូវបានទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីឆ្នាំមុននោះទេ។ ជាការឆ្លើយតប មន្ត្រីអាមេរិកម្នាក់បានលើកឡើងថា អ៊ីរ៉ង់បានយល់ព្រមលើការត្រួតពិនិត្យដ៏តឹងរ៉ឹងរបស់ IAEA លើសំណល់នៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ពួកគេរួចហើយ។របបទីក្រុងតេអេរ៉ង់គ្រាន់តែនិយាយអ្វីដែលពួកគេត្រូវនិយាយ ដើម្បីបន្ធូរបន្ថយសភាពការណ៍ក្នុងស្រុករបស់ពួកគេប៉ុណ្ណោះ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសថា អ៊ីរ៉ង់ នឹងមិនចរចាជាមួយនរណាម្នាក់ឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយអំពីសមត្ថភាពការពារជាតិរបស់យើង។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាថា បញ្ហាមីស៊ីលផ្លោងមិនត្រូវបានលើកយកមកពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ ហើយ មិនស្ថិតនៅលើតុចរចាទាល់តែសោះ។ លោកបានបន្ថែមថា គ្មានការលើកឡើងអំពីមីស៊ីលផ្លោងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នានោះទេ ដោយលោកចង់បញ្ជាក់បញ្ហានេះឱ្យបានច្បាស់លាស់ ដោយគ្មានការភ័ន្តច្រឡំ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រកាលពីថ្ងៃអង្គារ ដោយធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួម (UAE) ហើយនឹងបន្តទៅកាន់ប្រទេសគុយវ៉ែត និងបារ៉ែន ដែលប្រទេសទាំងពីរនេះសុទ្ធសឹងតែជាទីតាំងឈរជើងនៃមូលដ្ឋានយោធាអាមេរិក ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់។ លោក Rubio បានព្រមានយ៉ាងធ្ងន់ៗថា គ្មានប្រទេសណាមួយមានសិទ្ធិប្រមូលពន្ធ ឬកម្រៃនៅច្រកសមុទ្រ Hormuz នោះទេ ទោះបីជាមានការប៉ុនប៉ងពីសំណាក់អ៊ីរ៉ង់ក្នុងការទាមទារទារប្រាក់ពីនាវាដែលឆ្លងកាត់ក៏ដោយ។ លោកបានថ្លែងនៅពេលធ្វើដំណើរទៅដល់ UAE ថា វាជាផ្លូវទឹកអន្តរជាតិ។ គ្មានប្រទេសណាមួយត្រូវបានអនុញ្ញាតឱ្យយកពន្ធ ឬថ្លៃសេវាលើផ្លូវទឹកអន្តរជាតិនោះឡើយ។ នោះគឺជាច្បាប់អន្តរជាតិដែលមានស្រាប់។ ខ្ញុំជឿថា គ្រប់ប្រទេសនៅក្នុងតំបន់នេះ នឹងយល់ស្របជាមួយយើងលើចំណុចនេះ។

ប្រតិបត្តិការជម្លៀសនាវិកដែលជាប់គាំង គឺអាស្រ័យទាំងស្រុងលើការបើកច្រកសមុទ្រឡើងវិញ។ អគ្គលេខាធិការ IMO លោក Dominguez បានចាត់ទុកកិច្ចព្រមព្រៀងជួយសង្គ្រោះនេះថាជា ជំហានដ៏សំខាន់មួយឆ្ពោះទៅរកការស្តារសន្តិសុខសមុទ្រ និងបញ្ចប់ការវាយប្រហារដែលមិនអាចទទួលយកបានលើនាវាស៊ីវិល។ លោកបានបន្ថែមថា បន្ទាប់ពីឆ្លងកាត់ការលំបាក និងទុក្ខវេទនាអស់រយៈពេលជាច្រើនខែរបស់នាវិកស្លូតត្រង់រាប់ពាន់នាក់រួមទាំងផលប៉ះពាល់អវិជ្ជមានដល់សកលលោក ខ្ញុំសូមស្វាគមន៍យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។

យោងតាមសេចក្តីជូនដំណឹងរបស់ប្រទេសអូម៉ង់ទៅកាន់នាវិក ដែលផ្តល់ដោយ IMO បានឱ្យដឹងថា ផ្លូវនាវាចរណ៍បណ្តោះអាសន្នចំនួនពីរឆ្លងកាត់ច្រកសមុទ្រ ត្រូវបានបើកឱ្យប្រើប្រាស់ ដោយនាវានីមួយៗនឹងទទួលបានការណែនាំជាលក្ខណៈបុគ្គល។ IMO នឹងចេញរបាយការណ៍ប្រចាំថ្ងៃអំពីចំនួននាវាដែលបានចាកចេញពីតំបន់នោះដោយសុវត្ថិភាព។ ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ដែលជាពេលចាប់ផ្តើមនៃការវាយប្រហារលើអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់បានបិទច្រកសមុទ្រនេះយ៉ាងជិត ដែលបណ្តាលឱ្យតម្លៃប្រេងសកលហក់ឡើងហួសពី ១០០ ដុល្លារ ក្នុងមួយបារ៉ែល (ប្រេងឆៅប្រភេទ Brent) ព្រមទាំងរំខានដល់ការដឹកជញ្ជូនថាមពល និងទំនិញសំខាន់ៗដូចជាជីកសិកម្មជាដើម។

គិតមកទល់ពេលនេះ យ៉ាងហោចណាស់មាននាវាចំនួន ១៧២ គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលទើបនឹងបើកឡើងវិញនេះ ក្នុងនោះមាននាវាចំនួន ៤២ គ្រឿង បានឆ្លងកាត់កាលពីថ្ងៃសៅរ៍តែមួយថ្ងៃប៉ុណ្ណោះ (យោងតាមទិន្នន័យពីក្រុមហ៊ុនស៊ើបការណ៍សម្ងាត់សមុទ្រ Kpler)។ ទោះជាយ៉ាងណា ចំនួននាវាឆ្លងកាត់ចាប់ពីថ្ងៃទី ១៨ ខែមិថុនា (មួយថ្ងៃក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង) នៅតែមានកម្រិតទាបជាងមធ្យមភាគមុនពេលមានជម្លោះ ដែលកាលនោះមានការឆ្លងកាត់ប្រហែល ១៣៨ ដង ក្នុងមួយថ្ងៃ។ ទិន្នន័យតាមដាននាវាដែលវិភាគដោយ BBC Verify បង្ហាញថា គិតត្រឹមថ្ងៃអង្គារ មាននាវាដឹកប្រេងជាង ២០០ គ្រឿង កំពុងរង់ចាំនៅឡើយនៅក្នុងតំបន់ច្រកសមុទ្រនោះ។

 

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC