ប្រទេសចិនកំពុងពន្លឿនការអភិវឌ្ឍធនធានឧស្ម័នថ្មសែល (Shale Gas) នៅជម្រៅកាន់តែជ្រៅក្នុងអាងស៊ីឈួន (Sichuan Basin) ខណៈរដ្ឋាភិបាល និងក្រុមហ៊ុនថាមពលរដ្ឋសង្ឃឹមថា ការរកឃើញថ្មីៗនេះនឹងជួយបង្កើនផលិតកម្មឧស្ម័នក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលពីបរទេស។ អ្នកជំនាញ និងក្រុមហ៊ុនប្រឹក្សាឧស្សាហកម្មបានឱ្យដឹងថា ការអភិវឌ្ឍស្រទាប់ថ្មសែលជម្រៅខ្លាំងអាចជួយបង្កើនផលិតកម្មឧស្ម័នថ្មសែលរបស់ចិនលើសពីមួយភាគបីនៅត្រឹមឆ្នាំ២០៣៥។
បច្ចុប្បន្ន ឧស្ម័នថ្មសែលមានចំណែកប្រហែល ១០ភាគរយ នៃផលិតកម្មឧស្ម័នសរុបរបស់ចិនប៉ុណ្ណោះ។ ដើម្បីជំរុញកំណើន ក្រុមហ៊ុនថាមពលរដ្ឋធំៗកំពុងខួងអណ្ដូងនៅជម្រៅប្រមាណ ៥,០០០ម៉ែត្រក្រោមផ្ទៃដី ដែលជាជម្រៅមួយក្នុងចំណោមជម្រៅខ្លាំងបំផុតនៅលើពិភពលោក។

កាលពីខែមុន ក្រុមហ៊ុន Sinopecបានប្រកាសរកឃើញបម្រុងឧស្ម័នដែលបានបញ្ជាក់រួចចំនួន ២៣៦ពាន់លានម៉ែត្រគូប នៅគម្រោង Ziyang Dongfeng ក្នុងខេត្តស៊ីឈួន ដែលស្ថិតនៅជម្រៅប្រមាណ ៤,៥០០ម៉ែត្រ។ មុននេះ ក្រុមហ៊ុន PetroChinaក៏បានរកឃើញបម្រុងឧស្ម័នប្រហាក់ប្រហែលគ្នានៅតំបន់ជិតខាងកាលពីឆ្នាំ២០២៣ផងដែរ។ ការរកឃើញទាំងនេះស្ថិតក្នុងស្រទាប់ថ្ម Qiongzhusi ដែលមានអាយុកាលប្រមាណ ៥៤០លានឆ្នាំ និងស្ថិតនៅចន្លោះទីក្រុងធំៗ Chengdu និង Chongqing។ បន្ទាប់ពីខួងអណ្ដូងសាកល្បងជាង ១០០កន្លែងរួចមក ក្រុមហ៊ុនទាំងពីរកំពុងបង្កើនល្បឿនអភិវឌ្ឍគម្រោង ដែលត្រូវការទុនវិនិយោគរាប់ពាន់លានដុល្លារ។ ការផលិតក្នុងកម្រិតពាណិជ្ជកម្មត្រូវបានរំពឹងថានឹងចាប់ផ្តើមក្នុងរយៈពេល ២ ទៅ ៣ឆ្នាំខាងមុខ។

ប្រទេសចិន បានចាប់ផ្តើមផលិតឧស្ម័នថ្មសែលជាលក្ខណៈពាណិជ្ជកម្មនៅឆ្នាំ២០១៤ ហើយធ្លាប់ដាក់គោលដៅឱ្យផលិតបាន ៣០ពាន់លានម៉ែត្រគូបនៅឆ្នាំ២០២០ និង ៨០ ទៅ ១០០ពាន់លានម៉ែត្រគូបនៅឆ្នាំ២០៣០។ ទោះជាយ៉ាងណា ក្រោយពេលផលិតកម្មកើនឡើងដល់ ២០ពាន់លានម៉ែត្រគូបនៅឆ្នាំ២០២០ កំណើនបានថយចុះមកនៅប្រមាណ ៤ភាគរយក្នុងមួយឆ្នាំ ដោយសារអណ្ដូងជម្រៅរាក់ជាច្រើនចាប់ផ្តើមអស់ធនធានលឿនជាងការរំពឹងទុក។
ឆ្នាំ២០២៥ ចិនផលិតឧស្ម័នថ្មសែលបានប្រមាណ ២៧ពាន់លានម៉ែត្រគូប ដែលធ្វើឱ្យខ្លួនក្លាយជាប្រទេសផលិតធំបំផុតលំដាប់ទី២លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងនេះក្តី បរិមាណផលិតកម្មរបស់ចិននៅតែតិចជាង ៥ភាគរយនៃផលិតកម្មអាមេរិក ដោយសារលក្ខខណ្ឌភូមិសាស្ត្រស្មុគស្មាញ និងធនធានភាគច្រើនស្ថិតនៅតំបន់ភ្នំដែលមានប្រជាជនរស់នៅច្រើន។
ក្រុមអ្នកវិភាគលើកឡើងថា ទីក្រុងប៉េកាំងចាត់ទុកឧស្ម័នថ្មសែល និងឧស្ម័នជម្រៅខ្លាំងផ្សេងទៀត ជាធនធានយុទ្ធសាស្ត្រសម្រាប់កាត់បន្ថយការនាំចូលឧស្ម័ន LNG ដែលមានតម្លៃខ្ពស់ និងបង្កើនអំណាចចរចាក្នុងការទិញឧស្ម័នពីរុស្ស៊ី និងតួកមេនីស្ថាន។ ការវាយតម្លៃដំបូងបង្ហាញថា ស្រទាប់ថ្ម Qiongzhusi ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ ១០,០០០គីឡូម៉ែត្រការ៉េ អាចផ្ទុកឧស្ម័នរហូតដល់ ១០ទ្រីលានម៉ែត្រគូប និងមានសមត្ថភាពផលិតឧស្ម័នពី ៣០ ទៅ ៥០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំនាពេលអនាគត។ ទោះជាមានសក្ដានុពលខ្ពស់ក៏ដោយ ការខួងនៅជម្រៅខ្លាំងត្រូវការចំណាយខ្ពស់ជាងគម្រោងធម្មតា   ហើយអណ្ដូងមួយនៅតំបន់ Qiongzhusi មានតម្លៃសាងសង់ចន្លោះពី ៩០លាន ទៅ ១០០លានយ័ន ឬប្រមាណ ១៣ ទៅ ១៥លានដុល្លារ ដែលខ្ពស់ជាងគម្រោងជម្រៅរាក់ប្រមាណ ៤៥ភាគរយ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Sinopec ជឿជាក់ថា ការកែលម្អបច្ចេកវិទ្យាខួង និងការគ្រប់គ្រងចំណាយកាន់តែមានប្រសិទ្ធភាព នឹងធ្វើឱ្យការអភិវឌ្ឍឧស្ម័នថ្មសែលជម្រៅខ្លាំង ក្លាយជាជម្រើសដែលមានភាពចំណេញ និងអាចជួយពង្រឹងសន្តិសុខថាមពលរបស់ប្រទេសចិនក្នុងរយៈពេលវែង។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters