[ភ្នំពេញ]៖ រដ្ឋាភិបាលកម្ពុជាបានដាក់ការតវ៉ាជាផ្លូវការប្រឆាំងនឹងអ្វីដែលខ្លួនចាត់ទុកថា ជាសកម្មភាពរំលោភបំពានជាបន្តបន្ទាប់របស់ប្រទេសថៃលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា បន្ទាប់ពីមានការដាក់ពង្រាយគ្រឿងចក្រសំណង់ធុនធ្ងន់នៅតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ការរំលោភបំពានដែលកម្ពុជាលើកឡើងនេះ បានកើតឡើងនៅថ្ងៃទី២២ និងថ្ងៃទី២៤ ខែសីហា។ តាមការរាយការណ៍ យោធាថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលក្នុងទឹកដីកម្ពុជា ដើម្បីធ្វើការជីកប្រឡាយនៅតំបន់ចាក់គ្រួស ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា សកម្មភាពទាំងនេះបានកើតឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ទៅកាន់តំបន់ An Seh ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ដែលកម្ពុជាចាត់ទុកថា ជាដំណើរទស្សនកិច្ចដោយគ្មានការអនុញ្ញាត។

រដ្ឋាភិបាលកម្ពុជាអះអាងថា ទាំងការជីកប្រឡាយនៅតំបន់ព្រំដែន និងការចូលទៅកាន់តំបន់ An Seh របស់នាយករដ្ឋមន្ត្រីថៃ គឺជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវបានកំណត់តាមផែនទីខ្នាត ១:២០០,០០០។ ក្នុងការតវ៉ារបស់ខ្លួន កម្ពុជាបានយោងទៅលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រមទាំងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅពិសេស (GBC) លើកទី៣ ដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាមូលដ្ឋានសម្រាប់ការតវ៉ា និងការទាមទាររបស់ខ្លួន។

ក្រសួងការបរទេសបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពបែបនេះនៅតំបន់ខាងលើ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងបង្កើនការជឿទុកចិត្តរវាងប្រទេសទាំងពីរ។ កម្ពុជាបានសង្កត់ធ្ងន់ថា ការបញ្ឈប់សកម្មភាពដែលអាចបង្កភាពតានតឹងនៅតាមព្រំដែន នឹងជួយបើកផ្លូវសម្រាប់ការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងរួមចំណែកដល់ការស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អរវាងកម្ពុជា និងថៃតាមបណ្តោយព្រំដែនរួម។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ The Star